រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានការណ៍វិបត្ដិ នៅអឺរ៉ុបខាងកើត កាន់តែផុយស្រួយខ្លាំង ឡើង ទើបទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក ជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន ត្រូវតែចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយសារលោកប្រធានាធិបតី នឹងលៃលកជាមួយសម្ពន្ធមិត្តអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា មន្រ្ដីកំពូលម្នាក់របស់សហរដ្ឋអាមេរិក បានព្រមានថា កងទ័ពរុស្ស៊ី កំពុងស្ថិតក្នុងការប្រុងជើងការ រង់ចាំបញ្ជាវាយលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ដូច្នេះយើងសូមជំរុញឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ ត្រូវតែចាកចេញប្រទេសអ៊ុយក្រែន ជាបន្ទាន់។

លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅសេតវិមាន កាលពីថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ថា ការសង្កេត និងការស៊ើបការណ៍របស់សហរដ្ឋអាមេរិក បង្ហាញថា រុស្ស៊ី បានដាក់កម្លាំងយោធាគ្រប់គ្រាន់ សម្រាប់ការលុកលុយ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ រីឯការវាយលុកយ៉ាងលឿន សំដៅទៅកាន់កាប់រដ្ឋធានីគៀវ (Kyiv) របស់ប្រទេសអ៊ុយក្រែន នឹងត្រូវចាប់ផ្តើម ដោយមានទាំងការទម្លាក់គ្រាប់បែក មកពីលើអាកាស ហើយវាជាលទ្ធភាពមួយ អាចនឹងកើតឡើង មុនពេលបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាសប្តាហ៍ក្រោយ។

ទីប្រឹក្សាសន្ដិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ថ្វីបើលទ្ធភាព នៃការវាយប្រហាររបស់រុស្ស៊ី អាចនឹងកើតឡើង ក៏ពិតមែន តែយើងមិនអាចកំណត់ថ្ងៃនេះ ឬម៉ោងបានទេ។ ប៉ុន្តែសកម្មភាពយោធារបស់រុស្ស៊ី ជាលទ្ធភាពដ៏ជាក់លាក់មួយ។ ទោះជាយ៉ាងណា មន្ត្រីរបស់សហរដ្ឋអាមេរិកមួយចំនួន នៅតែមិនជឿថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី សម្រេចចិត្តឈ្លានពាននោះដែរ។ ចំណែកសហរដ្ឋអាមេរិក នឹងបន្តស្វែងរកលទ្ធផលដោះយស្រាយ តាមរយៈការទូត ចំពោះវិបត្តិនេះ។

លោក ជេក ស៊ុលលីវ៉ាន់ ទីប្រឹក្សាសន្ដិសុខជាតិរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅឯសេតវិមាន ថា «យើងមិននិយាយថាការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនោះទេ តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើង ដោយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ អ្វីដែលយើងកំពុងនិយាយនាពេលនេះ យើងមើលឃើញ ពីកម្រិត នៃការព្រួយបារម្ភគ្រប់គ្រាន់ ដោយផ្អែកលើអ្វីដែលយើងកំពុងមើលឃើញនៅលើទឹកដី ជិតប្រទេសអ៊ុយក្រែន»។

លោក ជេក ស៊ុលលីវ៉ាន់ បានបន្ដថា «យើងបន្តឃើញសញ្ញា នៃការកើនឡើងរបស់រុស្ស៊ី រួមទាំងកងកម្លាំងថ្មី បានមកដល់ព្រំដែនអ៊ុយក្រែន។ ដូចដែលយើងបាននិយាយពីមុនមក យើងមើលឃើញ ពីការលុកលុយ អាចនឹងចាប់ផ្តើម នៅពេលណាក៏បាន ប្រសិនបើលោក វ្ល៉ាឌីមៀរ ពូទីន សម្រេចចិត្តបញ្ជាទៅលើកងទ័ពរបស់រុស្ស៊ី»។

រុស្ស៊ី បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ នៅតាមតំបន់ព្រំដែនរបស់ខ្លួន ជាប់នឹងអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ ស្របគ្នានេះ រុស្ស៊ីក៏បានធ្វើសមយុទ្ធយោធា នៅលើទឹកដីបេឡារុស ហើយធ្វើសមយុទ្ធកងទ័ពជើងទឹក នៅសមុទ្រខ្មៅ (The Black Sea)។

ទោះជាយ៉ាងណា ក្រុងមូស្គូនៅតែអះអាងថា រុស្ស៊ីមិនមានគោលបំណងណាមួយ វាយលុកចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះទេ។ ប៉ុន្ដែរុស្ស៊ី ចង់ឲ្យមានការធានាផ្នែកសន្ដិសុខមួយដល់ប្រទេសរុស្ស៊ី ដោយរួមទាំងមិនអនុញ្ញាតឲ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូ៕