រដ្ឋធានីសេអ៊ូល៖ រហូតមកដល់ពេលនេះ កូរ៉េខាងជើង បាន និង កំពុងតែបង្កើននូវការបាញ់សាកល្បងអាវុធ ក្នុងអ្វីដែលក្រុមអ្នកជំនាញមីស៊ីល មើលទៅហាក់បីដូចជា ការចាប់ផ្តើមឡើងវិញនូវការបង្កហេតុ និង យុទ្ធសាស្រ្ដរបស់ទីក្រុងព្យុងយ៉ាង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ថា កូរ៉េខាងត្បូង និង ជប៉ុន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ថា កូរ៉េខាងជើង បានបាញ់នូវអ្វីដែលមើលទៅដូចជាមីស៊ីលផ្លោង រយៈចម្ងាយខ្លី ចំនួនពីរគ្រាប់។ គ្រាប់ផ្លោងទាំងនោះ បានហោះ ធ្លាក់ចូលទៅក្នុងសមុទ្រ។ ចំណែកការអះអាងបែបនេះ បានកើតឡើង ស្របពេលទីក្រុងព្យុងយ៉ាង កំពុងតែបង្កើនការធ្វើតេស្តអាវុធ ដើម្បីការពារខ្លួនប្រឆាំងនឹងអ្វីដែលគេលើកឡើងថា ជា «អរិភាព» របស់សហរដ្ឋអាមេរិក។

បើតាមទីភ្ញាក់ងារសារព័ត៌មានដ៏ធំរបស់កូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា នាយអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង ហៅកាត់ « JCS» បានប្រកាសថា នៅក្នុងខែនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ចំនួន៦លើក រួចមកហើយ។

នាយអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង (JCS) បានបញ្ជាក់ថា ខ្លួនបានរកឃើញការបាញ់បង្ហោះ ចេញពីក្នុងប្រទេសកូរ៉េខាងជើង និង នៅជុំវិញទីក្រុង Hamhung នៅឆ្នេរសមុទ្រ ភាគខាងកើត នៅវេលាម៉ោងប្រហែល៨ព្រឹក (23:00 GMT) ។ កាំជ្រួចនោះ ហោះបានចម្ងាយ ប្រហែល១៩០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ប្រហែល ២០គីឡូម៉ែត្រ។ ចំណែកយោធារបស់យើងក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើចលនាកូរ៉េខាងជើង។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Fumio Kishida នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូ នឹងនៅតែប្រមូលព័ត៌មានលម្អិត អំពីការបាញ់បង្ហោះនោះ។ ប៉ុន្តែការសាកល្បងកាំជ្រួចមីស៊ីលផ្លោងណាមួយ ក៏ជាការ«គួរឱ្យសោកស្ដាយយ៉ាងខ្លាំង» ហើយវាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕