រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ កងទ័ពរបបសឹកមីយ៉ាន់ម៉ា កាន់តែបង្កើននូវសកម្មភាពសាហាវឃោរឃៅ ដោយបានវាយឆ្មក់ និង ដុតបំផ្លាញផ្ទះសម្បែង រាប់រយខ្នង ធ្វើឲ្យអ្នកភូមិ ជាង ២ ០០០នាក់ រត់ភៀសខ្លួន ចេញពីទីប្រជុំជនស្វេបូ (Shwebo) តំបន់សាហ្គេង (Sagaing) ប្រទេសមីយ៉ាន់ម៉ា។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា អ្នកភូមិ ជាង ២ ០០០នាក់ នៅក្នុងទីប្រជុំជន Shwebo បានរត់ភៀសខ្លួន គេចចេញ ពីផ្ទះសម្បែងរបស់ពួកគាត់ ស្របពេលកងទ័ពរបបសឹកមីយ៉ាន់ម៉ា ឆ្មក់ចូលទៅវាយប្រហារ និង ដុតបំផ្លាញ។ សកម្មភាពយោធារបបសឹក គឺជាការសងសឹក ចំពោះការវាយប្រហារ ដោយកម្លាំងការពារប្រជាជន ហៅកាត់ PDF កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

កងកម្លាំងចលនាតស៊ូ PDF មានមូលដ្ឋាន នៅក្នុងទីប្រជុំជន Shwebo បានបញ្ជាក់ថា កម្លាំងចលនាតស៊ូ ចំនួន៣ក្រុម កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមករា បានឆ្មក់វាយប្រហារ និង ឡោមព័ទ្ធកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅចន្លោះភូមិហ្ស៊ីហ្វយូគុន (Zeephyukone) និងភូមិអ៊ីវ៉ាហ្ស៊ូ (Ywarzoe) ។

តំណាងក្រុមចលនាតស៊ូ ប្រាប់ដល់សារព័ត៌មានភូមា Irrawaddy ថា នៅក្នុងអំឡុង ការវាយប្រយុទ្ធគ្នា អស់រយៈពេល១ម៉ោងនោះ កម្លាំងចលនាតស៊ូ បានសម្លាប់កងទ័ពរដ្ឋាភិបាលរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេរដ្ឋប្រហារយោធា យ៉ាងតិច ១៥នាក់ ហើយកងទ័ពជាច្រើននាក់ផ្សេងទៀត បានរងរបួស។ ដោយឡែក កម្លាំងចលនាតស៊ូ PDF មិនមានអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។

ក្រុមចលនាតស៊ូ បានបន្ថែមថា ភូមិ Ywarzoe ត្រូវគ្រប់គ្រងជាបន្តបន្ទាប់ ដោយកងកម្លាំងរដ្ឋាភិបាល ហើយពួកគេបានប្រើប្រាស់កាំភ្លើងធំ នៅក្នុងការវាយប្រហារទៅលើចលនាតស៊ូ។ ដោយឡែក អ្នកភូមិ ប្រហែល៧០នាក់ ដែលកំពុងលាក់ខ្លួន ក៏ត្រូវបានពួកយោធា ចាប់ខ្លួន និង ស្លាប់ចោល ចំនួន២នាក់។ ក្រៅពីនេះ កងទ័ពរដ្ឋាភិបាល ក៏បានដុតបំផ្លាញផ្ទះសម្បែងរបស់អ្នកភូមិរាប់រយខ្នង ផងដែរ។

ក្រុមចលនាតស៊ូ PDF បានបន្ដថា កម្លាំងចលនាតស៊ូ បានប្រាប់ឲ្យអ្នកភូមិ ចាកចេញពីផ្ទះសម្បែងរបស់ពួកគាត់ មុនពេលកងទ័ពរបបសឹក ចូលមកដល់ និង ដុតបំផ្លាញ។ ទោះជាយ៉ាងណា រហូតមកដល់ព្រឹក ថ្ងៃអង្គារ ទី២៥ ខែមករា កងទ័ពរដ្ឋាភិបាល នៅតែដាក់ពង្រាយ នៅក្នុងភូមិនោះ ហើយកំពុងតែបន្ដដុតបំផ្លាញផ្ទះរបស់អ្នកស្រុក ដោយផ្ទះ ចំនួនពាក់កណ្ដាល ត្រូវភ្លើងឆេះអស់។

កងទ័ពរបបយោធាមីយ៉ាន់ម៉ា នៅតែបន្តប្រព្រឹត្ដនូវអំពើឃោរឃៅរបស់ពួកគេ មកលើជនស៊ីវិល រួមមាន ការចាប់ខ្លួន ការធ្វើទារុណកម្ម ការសម្លាប់យ៉ាងរង្គាល ការសម្លាប់តាមអំពើចិត្ត ការប្រើប្រាស់ជនស៊ីវិលធ្វើជាខែលការពារពួកគេ ការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកទៅលើតំបន់លំនៅឋានរបស់ពលរដ្ឋ អំពើចោរកម្ម និងដុតបំផ្លាញផ្ទះសម្បែងរបស់អ្នកភូមិ ហើយប្រព្រឹត្តអំពើហិង្សាផ្លូវភេទ ជាពិសេស នៅតំបន់ Magwe តំបន់ Sagaing រដ្ឋ Chin, រដ្ឋ Kachin, រដ្ឋ Shan, រដ្ឋ Kayah និង រដ្ឋ Karen ។ តំបន់ និងរដ្ឋ ទាំងនោះ ជាមូលដ្ឋានរបស់ក្រុមចលនាតស៊ូ ហើយតែងតែរងនូវការវាយប្រហារ ជាញឹកញាប់បំផុត ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា៕