បរទេស៖ យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបមួយគ្រឿងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទំនងជាមានបញ្ហាបច្ចេកទេស ទើបជំរុញឲ្យចុះចតបន្ទាន់ នៅលើនាវាផ្ទុកយន្ដហោះ ដោយបានបណ្ដាលឲ្យនាវិក ចំនួន៧នាក់រងរបួស។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា មន្រ្ដីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី២៤ ខែមករា ថា យន្ដហោះចម្បាំងបំបាំងកាយមួយគ្រឿង ប្រភេទ F-35C បានចុះចតបន្ទាន់ នៅលើនាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson នៅក្នុងសមុទ្រចិនខាងត្បូង។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យនាវិក ចំនួន៧នាក់រងរបួស។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ឧប្បត្ដិហេតុខាងលើនេះ បានកើតមានឡើង នៅក្នុងអំឡុងពេលប្រតិបត្តិការហោះហើរតាមធម្មតារបស់កងទ័ព នៅក្នុងសមុទ្រចិនខាងត្បូង។ ដោយឡែក អាកាសយានិក នៃយន្ដហោះចម្បាំង F-35C ដែលត្រូវចុះចតបន្ទាន់នោះ បានលោតចេញ ប្រកបដោយសុវត្ថិភាព ហើយគាត់ត្រូវបានក្រុមជួយសង្រ្គោះ ពីឧទ្ធម្ភាគចក្រមួយគ្រឿង បានស្រង់គាត់ចេញពីសមុទ្រ។

ទោះជាយ៉ាងណា មន្រ្ដីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានអះអាងថា ករណីនេះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត ស្វែងរកពីមូលហេតុរបស់វា៕