រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ «CDC» បានសិក្សា រកឃើញថា ការចាក់ដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna រកឃើញប្រសិទ្ធភាពខ្ពស់ ការពារការបញ្ជូនទៅមន្ទីរពេទ្យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង (Omicron)។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា បើតាមការសិក្សាថ្មី ចំនួន៣លើក ធ្វើឡើង ដោយមជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លង របស់សហរដ្ឋអាមេរិក ហៅកាត់ «CDC» បានរកឃើញថា ដូសជំរុញ ដោយការចាក់វ៉ាក់សាំង Pfizer-BioNTech និង Moderna បង្ហាញប្រសិទ្ធភាពខ្ពស់ ការពារមិនឲ្យបញ្ជូនអ្នកជំងឺអូមីក្រុង ទៅកាន់មន្ទីរពេទ្យ។ ដូសជំរុញទាំង២ប្រភេទនេះ មានប្រសិទ្ធភាព រហូតដល់៩០ភាគរយ អាចរក្សាមនុស្ស មិនឲ្យបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលពួកគេឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង។

លោក Emma Accorsi ជាអ្នកស្រាវជាវម្នាក់ នៃ CDC បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី២១ ខែមករា ថា «វាពិតជាបង្ហាញ ពីសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការទទួលបាននូវការចាក់ដូសជំរុញ។ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាបន្ដបន្ទាប់គ្រប់ដូសរួចហើយ ពលរដ្ឋអាមេរិកាំងទាំងអស់ គួរតែចាក់ដូសជំរុញ បន្ថែមទៀត។ ប៉ុន្ដែបច្ចុប្បន្ន មនុស្សរាប់លាននាក់ នៅតែមិនទាន់ទទួលបានចាក់ដូសជំរុញនៅឡើយ»។

មន្រ្ដីសុខាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការស្រាវជ្រាវនេះ បានសិក្សាយ៉ាងធំជាលើកដំបូងរបស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យមើល ពីការការពាររបស់វ៉ាក់សាំង ប្រឆាំងនឹងវីរុសអូមីក្រុង (Omicron)៕