រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែមានការព្រួយបារម្ភ ពីកូវីដ-១៩ ចិនបានផ្អាកជើងហោះហើរ មកពីសហរដ្ឋអាមេរិក ហើយជាការសងសឹកវិញនោះ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែមករា បានប្រកាសផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន៤ ដែលមានជើងហោះហើរចំនួន៤៤ ហោះមកកាន់ទឹកដីអាមេរិក។

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន៤ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Xiamen, Air China, China Southern Airlines និង China Eastern Airlines នឹងត្រូវផ្អាកជើងហោះហើរ ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២តទៅ។ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ គឺក្រុមហ៊ុនអាកាសចរណ៍សៀមិន (Xiamen Airlines) គ្រោងនឹងហោះហើរ ចេញពីទីក្រុងឡូសអាន់ជែលែស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Xiamen របស់ចិន ក៏នឹងត្រូវផ្អាក រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

សកម្មភាពរបស់សហរដ្ឋអាមេរិកបែបនេះ ត្រូវបានគេគិតថា នេះជាការសងសឹកទៅលើចិន ដែលបានផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ចំនួន ២០ជើង, អាកាសចរណ៍ American Airlines ចំនួន ១០ជើង និងអាកាសចរណ៍ Delta Air Lines ចំនួន ១៤ជើង ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១មក។ ចិន បានលើកយកហេតុផល ទប់ស្កាត់ការរាតត្បាតវីរុសបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាត នៅលើពិភពលោក ជាពិសេស នៅសហរដ្ឋអាមេរិក៕