រដ្ឋធានីណៃពិដោរ៖ ចាប់តាំងពីមានអំពើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ស្ទើរទូទាំងប្រទេសនោះមក ទើបតែពេលនេះ មេដឹកនាំរបបយោធា បានថ្លែងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ថា គាត់កំពុងតែព្យាយាម លុបបម្រាម តាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យលោកស្រី អ៊ោង សាន់ស៊ូជី ក្លាយជាប្រធានាធិបតី។

សារព័ត៌មាន Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ ថា គាត់បានចរចាជាញឹកញាប់ ដើម្បីដកបម្រាម តាមច្បាប់រដ្ឋធម្មនុញ្ញ ទៅលើលោកស្រី អ៊ោង សាន់ស៊ូជី (Daw Aung San Suu Kyi) ជាក្រុមប្រឹក្សារដ្ឋ ឲ្យក្លាយជាប្រធានាធិបតី ក្រោមរដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី។

លោកឧត្ដមសេនីយ៍ Min Aung Hlaing ត្រូវបានគេរាយការណ៍ ថា គាត់បានប្រាប់ដល់គណៈរដ្ឋមន្ត្រី នៃរបបសឹករបស់គាត់ នៅក្នុងទីក្រុងណៃពិដោរ (Naypyitaw) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ថា គាត់បានទៅជួបជាញឹកញាប់ ដើម្បីចរចា ធ្វើវិសោធនកម្ម លើមាត្រា 59 (F) ដ៏សំខាន់ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨។ ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្ដមសេនីយ៍ មិនបានបញ្ជាក់ថា អ្នកណាជាអ្នកមកចរចានោះដែរ។

បើតាមមាត្រា ៥៩ (F) នៃរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ដែលបានតាក់តែង ដោយពួកយោធា ហាមឃាត់ដល់បេក្ខភាពណាមួយ ក្លាយជាប្រធាធិបតី នៃប្រទេសមីយ៉ាន់ម៉ា ប្រសិនបើប្ដីប្រពន្ធរបស់ពួកគេ ឪពុម្ដាយរបស់ពួកគេ ឬកូនណាមួយរបស់ពួកគេ ឬក៏ប្ដីប្រពន្ធកូនរបស់ពួកគេ ជាពលរដ្ឋ នៃប្រទេសផ្សេង។ មាត្រានេះ ត្រូវបានគេមើលយ៉ាងទូលំទូលាយ ថា បានកំណត់គោលដៅទៅលើលោកស្រី អ៊ុង សាន់ស៊ូជី ដែលកូនរបស់គាត់ ជាជនជាតិអង់គ្លេស ដូចប្ដីក្រោយរបស់គាត់ដែរ។ ពួកយោធា លើកយកករណីនេះ មកធ្វើជាលេស អះអាង ថា ពួកគេការពារប្រទេសមីយ៉ាន់ម៉ា គេចឲ្យផុតពីឥទ្ធិពលរបស់បរទេស។

ការអត្ថាធិប្បាយរបស់មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ បានកើតឡើង បន្ទាប់ពីមានរបាយការណ៍ជាច្រើន អះអាងថា ការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នោះ បានកើតឡើង ដោយសារលោក Min Aung Hlaing ចង់កាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីគណបក្សនយោបាយសម្ព័ន្ធមិត្តរបស់លោកឧត្ដមសេនីយ៍ បានចាញ់គណបក្ស NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី យ៉ាងអាម៉ាស់ នៅក្នុងការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្ដែមហិច្ឆតារបស់លោកឧត្ដមសេនីយ៍ ត្រូវបានតែលោកស្រី Aung San Suu Kyi បដិសេធ ទើបលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង ដឹកនាំកងទ័ពធ្វើរដ្ឋប្រហារតែម្ដង។

អំពើរដ្ឋប្រហារនេះ បានសម្លាប់មនុស្សជាង១៤០០នាក់ ហើយប្រជាពលរដ្ឋជាង១០ ០០០នាក់ត្រូវចាប់ខ្លួន នៅក្នុងការបង្រ្កាបយ៉ាងព្រៃផ្សៃ។ សកម្មភាពដ៏ឃោរឃៅរបស់ពួកយោធា បានជំរុញឲ្យមានចលនាតស៊ូប្រឆាំង ពាសពេញប្រទេស ហើយការវាយប្រហារយុទ្ធគ្នា មានស្ទើររាល់ថ្ងៃ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ ដោយឡែកប្រជាពលរដ្ឋរាប់សែននាក់ផ្សេងទៀត រត់ភៀសខ្លួន ចេញពីការវាយប្រយុទ្ធគ្នា ឆ្លងដែនទៅកាន់ប្រទេសជិតខាង៕