រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងតែសម្លឹងមើលវិធីសាស្រ្ដនានា សម្រាប់ផ្ដល់យន្ដហោះជំនាន់ថ្មី F-16 ដើម្បីបង្កើនសមត្ថភាពដល់កងទ័ពអាកាសរបស់ដែនកោះមួយនេះ តាមអ្វីដែលទីក្រុងវ៉ាស៊ីនតោន និង តៃប៉ិ មើលឃើញ ពីការបង្កើននូវការបំភិតបំភ័យ កាន់តែខ្លាំងឡើង ពីសំណាក់យោធាចិន។

បើតាមក្រុមមន្រ្ដីជាច្រើន សុំលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពួកគេនៅមិនទាន់មានដំណោះស្រាយ អំពីរបៀបបង្កើនល្បឿន នៃការបញ្ចេញយន្ដហោះ Block 70 F-16 ផលិតដោយក្រុមហ៊ុន Lockheed Martin ហើយបំពាក់ដោយសមត្ថភាពថ្មីនោះឡើយ។ បច្ចុប្បន្ន យន្តហោះថ្មីទាំងនេះ ត្រូវបានគេកំណត់ថា នឹងត្រូវបញ្ជូនទៅកាន់តៃវ៉ាន់ នៅចុងឆ្នាំ២០២៦។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ បានថ្លែងថា រដ្ឋាភិបាលតៃវ៉ាន់ បានបង្ហាញ ពីគោលបំណងរបស់ខ្លួនផ្ទាល់ សម្រាប់ការដឹកជញ្ជូនឲ្យលឿនជាងនេះ ជូនទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ខណៈកងកម្លាំងទ័ពអាកាសរបស់ដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ដេញស្ទាក់យន្តហោះយោធាចិន ដែលកាន់តែឈ្លានពាន មកលើដែនអាកាសរបស់ខ្លួន៕