រដ្ឋធានីប៉េកាំង៖ នៅទីបំផុត ផលិតករខ្សែភាពយន្ដហុងកុង និង ជាកំពូលគ្រូបង្វឹកក្បាច់គុនកុងហ្វូ (Kung Fu) បានប្រកាសឈរឈ្មោះ ប្រកួតប្រជែង ដណ្ដើមគ្រប់គ្រងតំណែងចៅហ្វាយក្រុងអតីតដែនដីអាណានិគមរបស់អង់គ្លេស ពីលោកស្រី Carrie Lam ដែលកំពុងតែកាន់តំណែងនេះ។

សារព័ត៌មាន WHBL បានផ្សាយថា លោក Sin Kwok Lam វ័យ៦៥ឆ្នាំ ជាផលិតករខ្សែភាពយន្ដហុងកុង និង ជាគ្រូក្បាច់គុនកុងហ្វូដ៏ល្បីល្បាញមួយរូប បានបញ្ជាក់ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ថា គាត់មានគោលបំណង ចង់ឈរឈ្មោះ ប្រកួតប្រជែងដណ្ដើមគ្រប់គ្រងតំណែងកំពូល នៅក្នុងទីក្រុងហុងកុង។ ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង ខណៈនាយកប្រតិបត្ដិទីក្រុងហុងកុង ដែលកំពុងតែកាន់តំណែង លោកស្រី Carrie Lam នៅមិនទាន់សម្រេច ប្រកាសថាតើលោកស្រីនឹងឈរឈ្មោះ សម្រាប់អាណត្ដិទី២របស់លោកស្រី នៅលើអតីតដែនដីអាណានិគមរបស់អង់គ្លេស ដែរឬយ៉ាងនោះឡើយ។

លោក Sin Kwok Lam ជាមនុស្សដំបូង បានប្រកាស អំពីចេតនារបស់ខ្លួន នៅក្នុងការឈរឈ្មោះ នៅមុនការបោះឆ្នោត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ ដោយឡែក លោកស្រី Carrie Lam ដែលធ្វើជាប្រធាន នៅក្នុងសម័យកាលដ៏ច្របូកច្របល់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ហុងកុង នឹងត្រូវបញ្ចប់អាណត្តិ នៅខែមិថុនា ខាងមុខនេះ។

បេក្ខជនមានគោលបំណង ចង់ឈរឈ្មោះ ចាំបាច់ត្រូវតែមានការគាំទ្រពីស្ថាប័នបោះឆ្នោតដ៏មានឥទ្ធិពល នៅក្នុងទីក្រុងហុងកុង។ ប៉ុន្ដែទោះជាយ៉ាងណា គេនៅតែមិនទាន់ដឹងច្បាស់ថា ផលិតករខ្សែភាពយន្ដហុងកុង និង កំពូលគ្រូក្បាច់គុនរូបនេះ ទទួលបានការគាំទ្រដល់កម្រិតណានោះដែរ៕