បរទេស៖ ស្របពេលមានករណីឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំង នៅទូទាំងពិភពលោកនោះ ប្រធានាអង្គការសហប្រជាជា បានជំរុញដល់មេដឹកនាំទាំងអស់ ត្រូវតែបង្កើនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់គ្នា ទើបអាចបិទបញ្ចប់នូវការឆ្លងវីរុសដ៏កាចសាហាវនេះបាន។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ដើម្បីធានាដល់ការបិទបញ្ចប់នូវករណីឆ្លងរាតត្បាតពីជំងឺកូវីដ-១៩នោះ ពិភពលោកទាំងមូល ត្រូវតែទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា។

លោក Antonio Guterres បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រៀបចំឡើង នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ថា «ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ យើងទុកមនុស្សទាំងអស់គ្នាចោល។ ដូច្នេះប្រសិនបើ យើងបរាជ័យ នៅក្នុងការចាក់វ៉ាក់សាំងបង្ការ ជូនដល់មនុស្សទាំងអស់គ្នា យើងនឹងផ្ដល់ឱកាស ឱ្យមានករណីមេរោគបំប្លែងថ្មី កើតឡើងជាបន្តបន្ទាប់។ ករណីនេះ នឹងនាំឲ្យជីវិត និង សេដ្ឋកិច្ចរបស់យើង ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង»។

បើតាមអង្គការសុខភាពពិភពលោក ហៅកាត់ WHO របស់អង្គការសហប្រជាជាតិ ធ្លាប់បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ ចាក់វ៉ាក់សាំងបង្ការឱ្យបានយ៉ាងហោចណាស់ ៤០ភាគរយ នៃប្រជាជនរបស់ខ្លួន នៅចុងឆ្នាំ២០២១ និង៧០ភាគរយ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ។
បើគិតចាប់តាំងពីការផ្ទុះឡើងវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន រហូតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅលើពិភពលោក មានអ្នកឆ្លងសរុប ជាង៣៣១,៤១លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ជាង៥,៥៦លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៦៩លាននាក់។ ដោយឡែកអ្នកជំងឺជាង៥៦,៧៩លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៦ ១៤៦នាក់៕