រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ថៃបានប្រកាស ពីអ្នកជំងឺជាលើកដំបូង បានបាត់បង់ជីវិត ដោយសារកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ។

សារព័ត៌មានថៃ The Pattiya News បានចេញផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា បើតាមការិយាល័យសាធារណសុខាភិបាលខេត្តសុងខ្លា បានបញ្ជាក់ថា អ្នកជំងឺវ័យ៨៦ឆ្នាំ បានទទួលការចាក់វ៉ាក់សាំង Pfizer ចំនួន២ដូស ហើយគាត់បានបាត់បង់ជីវិត ដោយសារអូមីក្រុង។ នេះជាករណីលើកដំបូង បានកើតឡើង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅភាគខាងត្បូង ខេត្តសុងខ្លា (Songkhla) ប្រទេសថៃ។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា ថៃ ជាប្រទេសរងគ្រោះដោយកូវីដ-១៩លំដាប់ទី២៦ នៅលើពិភពលោក ដោយរកឃើញករណីថ្មី ចំនួន ៦ ៣៩៧នាក់ និង មានករណីស្លាប់ថ្មី ១៨នាក់។ ថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ២ ៣៣៧ ៨១១នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២១ ៩៥៦នាក់ និង មានអ្នកជាសះស្បើយ ២ ២៣៣ ៩០៣នាក់៕