រាជធានីអាមស្ទឺដាម (Amsterdam) ៖ ប្រជាពលរដ្ឋ រាប់សែននាក់ បានចេញមកតាមដងផ្លូវ នៅទូទាំងរាជធានីអាមស្ទឺដាម ដើម្បីប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងនឹងវិធានការនានា ទប់ស្កាត់នឹងកូវីដ-១៩របស់រដ្ឋាភិបាលប្រទេសហូល្លង់ដ៍ (Holland) ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ថា ក្រោយពេលរដ្ឋាភិបាលទីក្រុង Amsterdam¬¬ បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ និង យុទ្ធនាការវ៉ាក់សាំងប្រឆាំងនឹងវីរុស ដែលកំពុងតែរាតត្បាតខ្លាំង នៅក្នុងប្រទេសហូល្លង់ដ៍នោះ ប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយបានកើតទុក្ខ មិនសុខចិត្ត នាំគ្នាចេញមកតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំង។

ដោយឡែកអាជ្ញាធរ បានបញ្ឈប់សកម្មភាពនេះ និង ស្វែងរកកម្លាំង នៅតាមទីតាំងជាច្រើននៅទូទាំងទីក្រុង។ ចំណែករថយន្តជាច្រើនគ្រឿងរបស់ប៉ូលិសកុបកម្ម ក៏បានចេញល្បាត នៅតាមសង្កាត់នានា ដែលហ្វូងបាតុករកាន់បដា និងឆត្រពណ៌លឿង ដង្ហែជាក្បួន តវ៉ាប្រឆាំង។

ការតវ៉ាតាមធម្មតា ប្រឆាំងនឹងវិធានការកូវីដ-១៩ បានធ្វើឡើង នៅទូទាំងប្រទេស ហើយការប្រមូលផ្ដុំគ្នាដ៏ធំ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ដោយមានការចូលរួមពីកសិករ។ ពួកគេបានបើករថយន្ដ ចូលមកទៅរាជធានី ហើយក្រុមកសិករ បានយកត្រាក់ទ័ររបស់ពួកគេ ទៅចតនៅតាមបណ្ដោយផ្លូវ ចូលទៅកាន់មជ្ឈមណ្ឌលសារមន្ទីរ។ នៅក្នុងហេតុការណ៍នោះដែរ ក្រុមបាតុករ បានលេងភ្លេងផង និងស្រែកបន្ទរតាមពាក្យស្លោករបស់ពួកគេ ដែលបានសរសេរ នៅលើបដា ប្រឆាំងនឹងរដ្ឋាភិបាល ថែមទៀតផង។ បន្ទាប់មក ក្រុមបាតុករបានដង្ហែក្បួនរបស់ពួកគេទៅបិទផ្លូវមួយចំនួន នៅក្នុងទីក្រុង។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថា ហូល្លង់ដ៍ (Netherlands ដែលគេស្គាល់ថា Holland) ក្លាយជាប្រទេសរងគ្រោះ ដោយកូវីដ-១៩លំដាប់ទី១៨ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៣៦ ២៣១ និង មានករណីស្លាប់ថ្មី៧នាក់។ ប្រទេសនៅសមុទ្រការីបប៊ីន (Caribbean) ភាគនិរតី នៃតំបន់អឺរ៉ុបមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣,៥៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២១ ១៥៥ និង មានអ្នកជាសះស្បើយ ជាង២,៩៣លាននាក់។ ចំណែកអ្នកជំងឺ ៦១៦ ៨៦៤នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់៣៣៣នាក់៕