រដ្ឋធានីម៉ានីល៖ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិហ្វីលីពីន បានចំណាយថវិកា រាប់រយលានដុល្លារសហរដ្ឋអាមេរិក សម្រាប់យកមកទិញប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា ពីប្រទេសមហាយក្សអាស៊ីខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ណ ថា លោក Delfin Lorenzana រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បានចំណាយថវិកា ប្រហែល ៣៧៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា ពីប្រទេសឥណ្ឌា។ ការចុះកិច្ចព្រមព្រៀងទិញមីស៊ីលទាំងនេះ គឺក្នុងគោលបំណងជួយពង្រឹងនូវសមត្ថភាពរបស់កងទ័ពជើងទឹករបស់ខ្លួន។

លោករដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបន្ថែមថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើង ក្រោយពេលហ្វីលីពីនបានចរចាជាមួយរដ្ឋាភិបាលឥណ្ឌា ហើយក្រុមហ៊ុនឥណ្ឌា Brahmos Aerospace នឹងប្រគល់ប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា សម្រាប់បាញ់ចេញពីដីគោក ចំនួន៣ឈុត រួមជាមួយក្រុមអ្នកបច្ចេកទេស ហើយនឹងផ្តល់សេវាគាំទ្រផ្នែកឡូជីស្ទីកបន្ថែមទៀត។

ហ្វីលីពីន គឺជាប្រទេសអាមួយ ស្ថិតក្នុងចំណោមប្រទេសអាស៊ានមួយចំនួន ដែលកំពុងតែមានជម្លោះជាមួយនឹងប្រទេសចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែបញ្ជូននាវាយោធារបស់ខ្លួន ចូលទៅក្នុងដែនទឹករបស់ហ្វីលីពីន។ ជាមួយគ្នានេះ ការទិញប្រព័ន្ធមីស៊ីល មានល្បឿនលឿនជាងសំលេង Brahmos ពីប្រទេសឥណ្ឌា ធ្វើឲ្យគេមើលឃើញថា ហ្វីលីពីនមានគោលបំណងទប់ទល់នឹងការគំរាមគំហែងពីចិនផងដែរ៕