រដ្ឋធានីព្យុងយ៉ាង៖ ក្រោយពេលបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃសុក្រ ទី១៤ ខែមករា នោះមក ទើបតែថ្ងៃនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចេញមុខ មកអួតអាងថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន មានគោលបំណង «ពិនិត្យមើល និងវិនិច្ឆ័យ» ពីសមត្ថភាពអាវុធ ដែលអាចបាញ់ដល់ «គោលដៅកំណត់» នៅក្នុងសមុទ្រខាងកើត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៥ ខែមករា ថា កូរ៉េខាងជើង បានអះអាង នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាល្លីស្ទិក (Ballistic) ជាច្រើនគ្រាប់ ចេញពីរថភ្លើង។ នេះជាសកម្មភាពមួយ សងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើជនជាតិកូរ៉េ ចំនួន៦នាក់ កាលពីពេលថ្មីៗកន្លងមក។

បើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការកូរ៉េ ហៅកាត់ KCNA របស់កូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់សាកល្បងមីស៊ីលនេះ មានគោលបំណងត្រួតពិនិត្យ និង វិនិច្ឆ័យ ពីសមត្ថភាព នៃមីស៊ីលទាំងនោះ។ មីស៊ីលនាំផ្លូវទាំង២ បានវាយប្រហារទៅលើគោលដៅ ដែលបានកំណត់ នៅក្នុងសមុទ្រខាងកើត។

ដោយឡែកទីភ្នាក់ងារសារព័ត៌មាយ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានដកស្រង់ព័ត៌មានពីយោធាកូរ៉េខាងត្បូងយកមកចុះផ្សាយថា កាំជ្រួចចុងក្រោយនេះ បានហោះក្នុងចម្ងាយប្រហែល៤៣០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់៣៦គីឡូម៉ែត្រ និង មានល្បឿនជាអតិបរមា ៧ ៣៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលលឿនជាងសំលេង ចំនួនប្រាំមួយដង៕