រដ្ឋធានីណៃពិដោរ៖ ស្របពេលកងទ័ពជាច្រើននាក់ បានរត់ចោលជួរ ហើយចលនាតស៊ូប្រដាប់អាវុធជាច្រើនក្រុម កំពុងតែងើបឡើង ប្រឆាំងនឹងពួកយោធា ក្រោយមានអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នោះមក រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានជំរុញឲ្យមានការហ្វឹកហ្វឺនក្បួនទ័ពបន្ទាន់មួយដល់សមាជិកគ្រួសាររបស់មន្រ្ដីពន្ធនាគារ។

របបយោធាមីយ៉ាន់ម៉ា (ឬភូមា) កាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាឲ្យប្រពន្ធរបស់មន្រ្ដីយោធាថ្នាក់កណ្ដាល ត្រូវតែហ្វឹកហ្វឺនក្បួនកងទ័ព។ នៅក្នុងការហ្វឹកហ្វឺនក្បួនទ័ពនោះ ពួកយោធាបានបង្រៀនដល់ប្រពន្ធរបស់មន្រ្ដីយោធា ឲ្យចេះប្រើប្រាស់កាំភ្លើងតូច និងកាំភ្លើងធុនធ្ងន់ផងដែរ។ ប៉ុន្ដែបច្ចុប្បន្ន របបសឹកមួយនេះ បានបញ្ជាឲ្យហ្វឹកហ្វឺនយោធាជាបន្ទាន់ដល់សមាជិកគ្រួសារមន្រ្ដីពន្ធនាគារ បន្ថែមទៀត។ សកម្មភាពជាលើកដំបូងបែបនេះ បានកើតឡើង ក្រោយពេលកងទ័ពជាច្រើននាក់ នៅតាមអង្គភាពនានា បានរត់ចោលជួរ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។

បើតាមសារព័ត៌មានភូមា Mizzima បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា បើតាមមន្រ្ដីម្នាក់ នៅក្នុងនាយកដ្ឋានពន្ធនាគារ សុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញាណ ដោយហេតុផលសុវត្ថិភាពផ្ទាល់ខ្លួន ថា របបយោធាមីយ៉ាន់ម៉ា បានណែនាំឲ្យមានការហ្វឹកហ្វឺនក្បួនទ័ព ជាបន្ទាន់ដល់មន្រ្ដីពន្ធនាគារ នៅទូទាំងប្រទេស និង សមាជិកគ្រួសាររបស់ពួកគេ។ ក្រុមប្រឹក្សាយោធា ដែលជាអ្នករៀបចំការគ្រប់គ្រងរបស់របបសឹក បានចេញបទបញ្ជាបែបនេះ ក្រោយពេលមានការវាយប្រហារទៅលើពន្ធនាគារ Tamu កាលពីពេលកន្លងមក។ នៅក្នុងបទបញ្ជានោះ បានបញ្ជាក់ថា ការហ្វឹកហ្វឺនក្បួនយុទ្ធសាស្រ្ដកងទ័ពនេះ នឹងត្រូវធ្វើឡើង នៅមុនដំណាច់ ខែមករា ឆ្នាំ២០២២៕