រដ្ឋធានីណៃពិដោរ៖ ចាប់តាំងពីក្រោយមានអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក កងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា តែងតែប្រព្រឹត្ដអំពើសាហាវព្រៃផ្សៃ វាយប្រហារតាមអាកាសទៅលើភូមិឋានរបស់ប្រជាពលរដ្ឋ ហើយចាប់អ្នកភូមិ ដុតទាំងរស់។

សារព័ត៌មានភូមា Mizzima បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា បើតាមសម្ដីរបស់អ្នកនៅរស់រានមានជីវិតជាច្រើននាក់ បានអះអាងថា ទាហានមីយ៉ាន់ម៉ា បានចាប់ខ្លួនយុទ្ធជនកម្លាំងការពារប្រជាជន ហៅកាត់ «PDF» ចង់នឹងបង្គោល ហើយដុតពួកគេទាំងរស់។ សកម្មភាពដ៏ឃោរឃៅនេះ បានកើតឡើង នៅក្នុងភូមិ Sagaing តំបន់ Sagaing ស្ថិតនៅតាមដងទន្លេ Irrawaddy ប្រទេសភូមា ក្រោយពេលពួកយោធាបានឆ្មក់វាយប្រហារទៅលើភូមិឋានរបស់អ្នកស្រុក។

ប្រភពព័ត៌មានដដែល បានបន្ដថា កងទ័ព នៃរបបសឹកមីយ៉ាន់ម៉ាន កាលពីពេលថ្មីៗនេះ បានឆ្មក់វាយប្រហារទៅលើភូមិ U Nauk ក្រុង Pale តំបន់ Sagaing និងបានសម្លាប់អ្នកភូមិជាច្រើននាក់។ ពួកយោធារបបសឹក បានប្រើប្រាស់នូវយុទ្ធសាស្រ្ដផ្សេងៗ នៅក្នុងការស្ទាក់វាយប្រហារ ហើយបានចាប់ចងអ្នកភូមិ និងដុតទាំងរស់ ក្រោមការចោទប្រកាន់មកលើអ្នកភូមិ ថាជាចលនារបស់ PDF ។

ប្រភពព័ត៌មានដដែល បានបន្ថែមទៀត ថា ស្របពេលកងកម្លាំងការពារទីក្រុង Pale កំពុងតែប្រជុំ នៅក្នុងភូមិ កាលពីថ្ងៃទី១០ ខែមករា នោះ ពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាស ដោយទម្លាក់គ្រាប់បែកមកលើអ្នកភូមិទាំងនោះ។

ដោយឡែក អ្នកភូមិម្នាក់ ដែលបានរត់គេចខ្លួន រួចផុតពីសេចក្ដីស្លាប់ បានបញ្ជាក់ថា អ្នកដែលត្រូវចាប់ខ្លួនបានទាំងនោះ គឺពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា បាននាំទៅធ្វើទារុណកម្ម តាមវិធីសាស្រ្ដផ្សេង នៅក្នុងអំឡុងពេលឆ្មក់វាយប្រហារនោះ។ អ្នកភូមិទាំងអស់ ដែលស្លៀកពាក់ឯកសណ្ឋានជាកម្លាំងប្រជាការពារ ក្នុងតំបន់ ត្រូវបានពួកយោធា ចាប់សម្រាតខោអាវ ទុកឲ្យខ្លួន នៅននលគក ហើយដៃរបស់ពួកគេ ត្រូវចងស្លាបសេកទៅក្រោយ។ បន្ទាប់មកពួកយោធា បាននាំអ្នកភូមិទាំងនោះទៅចង់នឹងបង្គោល ហើយដុតទាំងរស់។ ដោយឡែក អ្នកខ្លះទៀត ត្រូវបានពួកយោធាកាត់ក្បាលតែម្ដង។

បើតាមសម្ដីរបស់អ្នកភូមិ ដែលបានវិលត្រឡប់មកកាន់ភូមិ U Nauk បានឲ្យដឹងថា យុវជនម្នាក់ ឈ្មោះ Maung Myint ត្រូវជាប្អូនប្រុសរបស់មេដឹកនាំបដិវត្តន៍ Bo Naga រស់នៅទីក្រុង Pale ក៏ត្រូវបានពួកយោធាកាត់ក្បាល។ បន្ទាប់មកពួកយោធា បានយកក្បាលរបស់គាត់ ទៅដាក់នៅលើដំបូលបង្គន់ ហើយអំពើឃោរឃៅរបស់ពួកយោធា កាន់តែមានភាពសាហាវព្រៃផ្សៃឡើង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ យុទ្ធជន PDF ក្នុងតំបន់យ៉ាងតិច២០នាក់ ត្រូវបានរបបសឹកមីយ៉ាន់ម៉ា សម្លាប់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត នៅតែបន្ដបាត់ខ្លួន ក្រោយពេលយោធាមី បានឆ្មក់វាយប្រហារទៅលើភូមិ U Nauk ៕