រដ្ឋធានីញូវដេលី៖ កន្លងមក ពលរដ្ឋឥណ្ឌារាប់សិបលាននាក់ ដែលកាន់សាសនាហិណ្ឌូ បាននាំគ្នារៀបចំពិធីសាសនា នាំគ្នាចុះមុជទឹកលាងជម្រះបាប បង្កឲ្យបានមានការឆ្លងកូវីដ-១៩យ៉ាងខ្លាំង តែនៅពេលនេះ ពួកគេបានធ្វើរឿងដដែលនេះ ខណៈកំពុងតែផ្ទុះអូមីក្រុងខ្លាំង ធ្វើឲ្យអ្នកជំនាញសុខាភិបាលព្រួយបារម្ភពីហានិភ័យ នៃការឆ្លងទ្វេដង។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋឥណ្ឌារាប់លាននាក់ ដែលគោរពសាសនាហិណ្ឌូ បានប្រារព្ធពិធីសាសនារបស់ពួកគេ នៅភាគខាងជើងប្រទេស។ អ្នកគោរពសាសនាហិណ្ឌទាំងនោះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បាននាំគ្នាចុះមុជទឹក លាងជម្រះបាប នៅក្នុងទន្លេគង្គា តាមជំនឿរបស់ពួកគេ ខណៈវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង កំពុងតែរាតត្បាតយ៉ាងខ្លាំង។ ករណីនេះធ្វើឲ្យអ្នកជំនាញសុខាភិបាល មានការព្រួយបារម្ភយ៉ាងខ្លាំង។

សាសនិកហិណ្ឌទាំងនោះ បានពពាក់ពពូនគ្នាងូតទឹក នៅត្រង់ចំណុចប្រសព្វ នៃទន្លេបី ឈ្មោះ សាំងហ្គាម (Sangam) ហើយទន្លេទាំង៣ មានដូចជា ទន្លេគង្គា (Ganges), យ៉ាមុណា (Yamuna) និងសារ៉ាស្វាទី (Saraswati) ស្ថិតក្នុងទីក្រុង ប្រាយ៉ាហ្គ្រាច (Prayagraj) មានចម្ងាយ ២០០គីឡូម៉ែត្រ ពីភាគឦសានទីក្រុង ឡាក់ណាវ (Lucknow) របស់រដ្ឋអ៊ូតតា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា។ ចំណុចប្រសព្វ Sangam នោះសាសនិកហិណ្ឌូ មានជំនឿថា ជាចំណុចទឹកទន្លេដ៏ពិសិដ្ឋ ទើបពួកគេតែងតែទៅប្រារព្ធពិធីងូតទឹករួមគ្នា ជារៀងរាល់ឆ្នាំ។

នៅក្នុងអំឡុងឆ្នាំ២០២១ កន្លងមកនេះ សាសនិកហិណ្ឌរាប់លាននាក់ នៅក្នុងប្រទេសឥណ្ឌា
បានធ្វើពិធីសាសនាបែបនេះ នៅរដ្ឋ អ៊ូតតារ៉ាខាន់ (Uttarakhand) នៅជាប់រដ្ឋ Uttar Pradesh បានបង្កឲ្យមានវីរុសបំប្លែងខ្លួន Delta ឆ្លងរាតត្បាតយ៉ាងខ្លាំងបំផុត នៅទូទាំងប្រទេសឥណ្ឌា ដោយមានអ្នកស្លាប់ជាង៤០០០នាក់ និងឆ្លងជាង៤០០ ០០០នាក់ ក្នុងរយៈពេល២៤ម៉ោង។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា ឥណ្ឌា ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩ លំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ជាង ៣៦,៥៨លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤៨៥ ៣៥០នាក់ និង មានអ្នកជាសះស្បើយ ជាង ៣៤,៨២លាននាក់៕