បរទេស៖ ស្របពេលវីរុសបំប្លែងខ្លួនអូមីក្រុង (Omicron) ត្រូវបានរកឃើញ នៅក្នុងប្រទេសជាង១៤០ ក្នុងចំណោមបណ្ដាប្រទេស និង ដែនដី ២២២ ដែលមានឆ្លងកូវីដ-១៩នោះ អង្គការសុខភាពពិភពលោក ហៅកាត់ «WHO» បានប្រកាស កាលពីថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ថា ថ្វីបើវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទ Omicron មិនបង្កឲ្យអ្នកជំងឺធ្លាក់ខ្លួនធ្ងន់ធ្ងរក្ដី តែវាបង្កឲ្យមានហានិភ័យដល់អ្នកមិនបានទទួលការចាក់វ៉ាក់សាំង។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ថា រហូតមកទល់នឹងពេលនេះ មានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបានការចាក់វ៉ាក់សាំងបង្ការ តាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោច៤០ភាគរយ នៃប្រជាជនសរុបរបស់ពួកគេ។ ចំណែកប្រជាជនជាង៨៥ភាគរយ នៃតំបន់អាហ្វ្រិក ក៏នៅមិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស។

ប្រធានអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ថ្វីត្បិតតែវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron) មិនបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta ក្ដី ប៉ុន្តែវានៅតែអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់ទទួលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះដដែល។

អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា នៅជុំវិញពិភពលោក ភាគច្រើនជាអ្នកមិនទាន់បានចាក់វ៉ាកសាំងបង្ការ។ ប៉ុន្ដែ ប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើងនោះ វានឹងអាចលេចចេញនូវវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ផ្សេងទៀត ហើយវាអាចនឹងមានភាពកាចសាហាវខ្លាំងជាងវីរុសបំប្លែងខ្លួនថ្មី ដែលរកឃើញនាពេលបច្ចុប្បន្ននេះថែមទៀតផង។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣ ១២៦ ៣៣២នាក់ និង មានករណីស្លាប់ថ្មី ៧ ៨៥៥នាក់។ បើគិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣១៧,២៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង ៥,៥២លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៦២,៧៦លាននាក់។ ចំណែក អ្នកជំងឺជាង៤៨,៩៩លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៦ ៣២០នាក់៕