រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលព្រឹទ្ធសភា បានអនុម័តលើកញ្ចប់ថវិកាលើវិស័យការពារជាតិរួចមក ​ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បាន​​ចុះហត្ថលេខា​លើច្បាប់ថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់នូវកញ្ចប់ថវិកា សម្រាប់វិស័យការពារជាតិរបស់ខ្លួន។

បើតាមសារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែធ្នូ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ​បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិ (ហៅកាត់ NDAA) កាលពីថ្ងៃចន្ទ ទី២៧ ខែធ្នូ ដោយអនុញ្ញាតឱ្យចំណាយលើវិស័យយោធា ចំនួន ៧៦៨,២ ពាន់លានដុល្លារ រួមទាំងការដំឡើងប្រាក់ខែ ២,៧% សម្រាប់ឆ្នាំ២០២២។ រីឯការចំណាយលើវិស័យយោធារបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២២ បានកើនឡើង៥ភាគរយ បើធៀបនឹងការ​ចំណាយ នៅក្នុងឆ្នាំកន្លងមក។

សហរដ្ឋអាមេរិក ក្លាយជាប្រទេសទី១ ដែលបានចំណាយថវិកាច្រើនបំផុត លើវិស័យការពារជាតិ នៅលើពិភពលោក។ ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធានេះ បានផ្តោតគោលនយោបាយយ៉ាងសំខាន់បំផុតទៅលើកម្មវិធីការពារជាតិនានា រួមមាន កម្មវិធីរបស់មន្ទីរបញ្ចកោណ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលត្រួតពិនិត្យដោយក្រសួងថាមពល។

លោក ចូ បៃដិន បានថ្លែង ក្រោយការចុះហត្ថលេខា លើច្បាប់អនុម័តកញ្ចប់ថវិកានោះថា ​ថា «ច្បាប់ថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ និងជំរុញឲ្យមានយុត្តិធម៌ សម្រាប់បុគ្គលិកយោធា និង ក្រុមគ្រួសាររបស់ពួកគេ ហើយក្នុងនោះរួមទាំងអាជ្ញាធរពាក់ព័ន្ធ សម្រាប់ទ្រទ្រង់​ដល់វិស័យការពារជាតិរបស់យើងថែមទៀតផង»​៕