រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលទីប្រឹក្សាសន្ដិសុខជាតិអាមេរិកទៅជួបនាយករដ្ឋមន្រ្ដីអ៊ីស្រាអែលនោះ កងទ័ពឆ្មបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង  បានធ្វើសមយុទ្ធយោធា ​បាញ់មីស៊ីល​បាលីស្ទិក ជិត២០​គ្រាប់  រួមទាំងយន្ដហោះគ្មានមនុស្សបើកបរ បានវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ ហើយសកម្មភាពយោធាទាំងនេះ ត្រូវបាន​រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ អះអាងថា នេះជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អ៊ីស្រាអែល​។​

​សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ថា កងទ័ព​​​ឆ្មាំបដិវត្តន៍អ៊ិស្លាម​អ៊ីរ៉ង់ (ហៅកាត់ IRGC) បានបាញ់មីស៊ីលផ្លោងបាលីស្ទិកចំនួន១៦គ្រាប់ ចេញ ពីលើដីទៅលើដី​ នៅក្នុងអំឡុងពេលបិទសមយុទ្ធយោធា រយៈពេលប្រាំថ្ងៃ។​ ពួកឧត្តមសេនីយ៍យោធាអ៊ីរ៉ង់​ ​អះអាងថា ការធ្វើសមយុទ្ធយោធានេះ ជាការព្រមានដល់​អ៊ីស្រាអែល ដែលបានគំរាមកំហែងមកលើប្រទេសរបស់ខ្លួន កាលពីពេលថ្មីៗនេះ។

អ៊ីរ៉ង់ បានធ្វើសមយុទ្ធយោធានេះ ចំពេល​​លោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានជួបជាមួយនឹងលោក Naftali Bennett នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ ចំពេលបក្សប្រឆាំង នៅក្នុងប្រទេសអ៊ីស្រាអែល ខិតខំប្រឹងប្រែ ងធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ​ដំណើរការឡើងវិញ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ថា ឈ្មោះមីស៊ីល ត្រូវបានបាញ់ នៅក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ នោះ រួមមាន មីស៊ីល Emad, Ghadr, Sejjil, Zalzal, Dezful និង Zolfaghar ។ មីស៊ីលទាំងនេះ អាចបាញ់បានក្នុងចម្ងាយ ចន្លោះពី៣៥០គីឡូម៉ែត្រ-២ ០០០គីឡូម៉ែត្រ ហើយបានបាញ់ដោយជោគជ័យទៅលើគោលដៅតែមួយ ក្នុងពេលដំណាលគ្នា ខណៈយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន ចំនួន១០គ្រឿង បានវាយប្រហារទៅលើគោលដៅរៀងៗខ្លួន។ ចំណែកបណ្ដាញទូរទស្សន៍របស់រដ្ឋ ក៏បានបង្ហាញពី​មីស៊ីលបាញ់ប្រហារទៅលើតំបន់វាលខ្សាច់នោះផងដែរ។​

លោកឧត្ដមសេនីយ៍ Mohammad Bagheri មេទ័ពកំពូលរបស់អ៊ីរ៉ង់ បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍របស់រដ្ឋ ថា «សមយុទ្ធយោធានេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អ៊ីស្រាអែល។​ ​មីស៊ីលបាលីស្ទិកចំនួន១៦គ្រាប់ បានវាយប្រហារទៅលើគោលដៅ ប្រកបដោយជោគជ័យ»។​​​​

​លោក Naftali Bennet នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ ពី «ការគំរាមកំហែងនុយក្លេអ៊ែរ» និង បានចោទប្រកាន់ថា ប្រាក់ចំណូលដែលទទួលបាន មកពីការបន្ធូរបន្ថយទណ្ឌកម្ម នឹងត្រូវប្រើប្រាស់ ដើម្បីទទួលបានគ្រឿងសព្វា​វុធ សម្រាប់ធ្វើបាបប្រជាជនអ៊ីស្រាអែល។​

ដោយឡែក អ៊ីរ៉ង់ បានអះអាងថា ខ្លួន​ ចង់បានត្រឹមតែការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិល តែប៉ុណ្ណោះ។ ប៉ុន្ដែមហាអំណាចលោកខាងលិច​ បាននិយាយថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ អាចនឹងត្រូវបានប្រើប្រាស់ សម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕