វៀតណាម៖ ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក  ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា “គ្មានសហគមន៍ណាដែលជួបប្រទះការលំបាកច្រើនដូចជនជាតិវៀតណាមនៅកម្ពុជាទេ”។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress 

ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយមន្ត្រីនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងអ្នកតំណាងធុរកិច្ច និងសហគមន៍វៀតណាមនៅកម្ពុជា លោកប្រធាន ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ បញ្ហាលំបាករបស់ពលរដ្ឋវៀតណាមនៅកម្ពុជាទាំងនោះកើតឡើងដោយសារតែ “ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់” ហើយពួកគេភាគច្រើនមិនមានឯកសារអត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែននៅឡើយ។

ជាមួយគ្នានេះដែរ លោក ង្វៀន សួនហ្វុក បានសន្យាថានឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យជនជាតិភាគតិចវៀតណាមនៅកម្ពុជា ឆាប់មានឯកសារផ្លូវច្បាប់ដើម្បីស្ថិរភាពជីវិតរបស់ពួកគេ ស្របពេលដែលពួកគេទាំងនោះមិនមែនជាពលរដ្ឋដែលបានចុះបញ្ជីនៅក្នុងប្រទេសទាំងពីរណាមួយឡើយ

លោកប្រធាន ង្វៀន សួនហ្វុក បាននិយាយថា លោកនឹងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកដំណោះស្រាយតាមដែលអាចធ្វើទៅបាន និងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសហគមន៍ជនជាតិភាគតិចវៀតណាមនៅកម្ពុជាមានភាពស្របច្បាប់ក្នុងពេលឆាប់ៗនេះ។ លោកក៏បានអំពាវនាវឱ្យជនជាតិខ្លួនទាំងនោះ គោរពតាមច្បាប់ប្រទេសកម្ពុជា ថែរក្សាអាជីវកម្ម ការរកស៊ី និងធ្វើជាគំរូល្អ ៕