រាជធានីភ្នំពេញ៖ បុរសម្នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ២០ឆ្នាំ និងពិន័យ៤០លានរៀល បង់ចូលថវិការដ្ឋក្រោមការចោទ ប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បុរសជនជាប់ចោទឈ្មោះ ជា ថៃតាំ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាង១គីឡូនេះគឺ អនុវត្តតាមបញ្ជារបស់នាយនគរបាលជាតិ។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖ ៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹង មានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបចាប់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ជា ថៃតាំ ដកហូតវត្ថុតាងចាប់យកគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ ១២៩៤,៣៩ ក្រាម ហើយត្រូវបានបញ្ជូនមកតុលាការ ឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕