រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដាច់ណាត់ជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។

ការរថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអនុញ្ញាតឲ្យមានឡាន នៅលើដងផ្លូវដោយមិនបានបង់ពន្ធនោះទេ ព្រោះម្តងហើយម្តងទៀត ភាពច្រំដែលរបស់យើងនៅតែបន្ត។ ឡានចង្កួតស្តាំ ឡានអត់ពន្ធជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឲ្យមានទេ ហើយអស់លោកគយត្រូវធ្វើការងារនេះ» ៕