រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ  រដ្ឋបាលចំណីអាហារ និង ឱសថ របស់សហរដ្ឋអាមេរិក ហៅកាត់ FDA កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ បានអនុម័តឲ្យប្រើប្រាស់ថ្នាំលេបរបស់ក្រុមហ៊ុន Pfizer សម្រាប់ព្យាបាលអ្នកប្រឈមនឹងជំងឺកូវីដ-១៩ មានអាយុចាប់ពី១២ឆ្នាំឡើង ហើយថ្នាំគ្រាប់នេះ  ក៏អាចប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ​ផងដែរ។​

បើតាមសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៣ ខែធ្នូ​ ថា រដ្ឋបាលចំណីអាហារ និង ឱសថ​របស់សហរដ្ឋអាមេរិក ហៅកាត់ FDA បានអនុម័តឲ្យប្រើប្រាស់ថ្នាំលេប Paxlovid របស់ក្រុមហ៊ុន Pfizer សម្រាប់អ្នកជំងឺកូវីដ-១៩មានអាយុ ចាប់ទី១២ឆ្នាំឡើងទៅ។ ឱសថ Paxlovid នេះ ​ក្លាយជាថ្នាំគ្រាប់លើកដំបូងបំផុត នៅលើពិភពលោក សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ហើយថ្នាំនេះមាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ក្នុង​ការ​ការពារ​រោគសញ្ញា​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ឆ្លង និង អាចទប់ទល់ដល់ការឆ្លងរីករាលដាល ពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ​។

សហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់ថ្នាំលេប Paxlovid នៅក្នុងគ្រាបន្ទាន់នេះ បានកើតឡើង ចំពេលសហរដ្ឋអាមេរិក បានផ្ទុះការឆ្លងជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង ជាពិសេស គឺការលេចឡើង នៃវីរុសអូមីក្រុង។ បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២២៤ ៧៦៦នាក់ និង មានករណីស្លាប់ថ្មី ១ ៥២៨នាក់។ សហរដ្ឋអាមេរិក បានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ជាង៥២,៤៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៨៣២ ៩១៩នាក់ និង មានអ្នកជាសះស្បើយជាង៤០,៩លាននាក់។

បើតាមការសិក្សាមួយ បានរកឃើញថា នៅពេល​​​គេលេបថ្នាំ Paxlovid ក្នុងរយៈពេលប្រាំថ្ងៃ ក្រោយពេលមានរោគសញ្ញាដំបូង សម្រាប់មនុស្សពេញវ័យ ដែលមិនបានចាក់វ៉ាក់សាំង​ ខណៈអ្នកជំងឺមានហានិភ័យខ្ពស់ គឺ Paxlovid អាចកាត់បន្ថយការចូលមន្ទីរពេទ្យ ឬការស្លាប់បាន រហូតដល់៨៨ភាគរយ​។ ការសិក្សានេះ ត្រូវបានធ្វើឡើង ខណៈវីរុស Delta កំពុងកើនឡើង ប៉ុន្តែការសិក្សា នៅក្នុងមន្ទីរពិសោធន៍​ ក៏បង្ហាញថា Paxlovid នឹង​មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ។

ក្រោយពេលរដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក អនុម័តឲ្យប្រើប្រាស់ នៅក្នុងគ្រាអាសន្ននោះមក ក្រុមហ៊ុន Pfizer កំពុងតែបង្កើនការផលិតឱសថ Paxlovid នេះ សម្រាប់ចែកចាយ នៅទូទាំងពិភពលោក៕