រដ្ឋធានីណៃពិដោរ៖ ​អណ្ដូងរ៉ែត្បូងមួយកន្លែង បានជួបនឹងគ្រោះដ៏អាក្រក់ បាក់ដី​ កប់កម្មករ យ៉ាងតិច ចន្លោះពី៧០-១០០នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឹ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងតំបន់​ផាកាន់ (Hpakant) ស្ថិតក្នុងរដ្ឋកាឈីន (Kachin) នាភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា។

បើតាមសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ថា គ្រោះបាក់ដី នៅក្នុងអណ្ដូងរ៉ែត្បូង នៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា នោះ ​​យ៉ាងហោចមានមនុស្ស៧០នាក់ កំពុងបាត់ខ្លួន និង ម្នាក់បានបាត់បង់ជីវិត។

ដោយឡែក ក្រុមអ្នកជួយសង្រ្គោះ បានអះអាងថា «មានមនុស្ស ចន្លោះប្រហែល៧០-១០០នាក់ កំពុងតែបាត់ខ្លួន ក្នុងករណីគ្រោះបាក់ដីនេ។ ហេតុការណ៍ដ៏អាក្រក់នេះ  បានកើតឡើង កាលពីវេលាម៉ោង​៤ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ នៅក្នុងអណ្តូងរ៉ែត្បូង នៅតំបន់ ផាកាន់ (Hpakant) ក្នុងរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស​»។

ដោយឡែក កម្មករម្នាក់បានបាត់បង់ជីវិត និង​​២៥នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកក្រុមអ្នកជួយសង្គ្រោះ កំពុងតែ​រុករកអ្នកនៅរស់រានមានជីវិតបន្ត​ទៀត៕​