រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ថ្វីដ្បិតតែនៅលើពិភពលោក មានប្រទេស និង ដែនដី តិចតួចណាស់ ​បានចេញវិញ្ញាបនបត្រឌីជីថល​បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ក្ដី តែថៃ ​ក៏​បានចេញលិខិតប្រភេទនេះ​ ហើយតភ្ជាប់ជាមួយនឹង​ប្រព័ន្ធឌីជីថលរបស់​សហភាពអឺរ៉ុប ថែមទៀតផង។

​សារព័ត៌មានថៃ The Nation  បានចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ថា លោក Giuseppe Busini អនុប្រធានបេសកកម្ម នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅក្នុងប្រទេសថៃ បានប្រកាស នៅលើគណនីបណ្ដាញសង្គមធ្វីតធើររបស់លោក ថា ឥឡូវនេះ ថៃបានតភ្ជាប់នូវប្រព័ន្ធ​វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដឌីជីថលរបស់សហភាពអឺរ៉ុប។​ រីឯវិញ្ញាបនបត្រប្រភេទនេះ ដែលបានចេញដោយរដ្ឋាភិបាលថៃ នឹងត្រូវទទួល នៅក្នុងសហភាពអឺរ៉ុប ខណៈវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដឌីជីថលរបស់សហភាពអឺរ៉ុប ក៏នឹងត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលថៃ ផងដែរ។​

គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចិត្តទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ឌីជីថល ចេញដោយរដ្ឋាភិបាលថៃ ម៉ុងតេណេហ្គោ តៃវ៉ាន់ ទុយនីស៊ី និង អ៊ុយរ៉ាហ្គាយ។​

លោក Didier Reynders ស្នងការគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា «ឆ្នាំនេះ ជាជោគជ័យមួយ នៅពេលដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ឌីជីថល របស់សហភាពអឺរ៉ុប។ ឥឡូវនេះ មានប្រទេស និងដែនដី ចំនួន៦ នៅលើទ្វីបទាំង៥ បានតភ្ជាប់ជាមួយនឹងប្រព័ន្ធឌីជីថលរបស់យើង។​ យើងនឹងមើលឃើញ អំពីតម្រូវការ និងតម្លៃបន្ថែមទៀត អំពីវិញ្ញាបនបត្របែបនេះ សម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ វិញ្ញាបនបត្រឌីជីថលនេះ នឹងបន្ដបម្រើការផលប្រយោជន៍ដល់សុខភាព រហូតដល់ពេលអនាគត»៕