ភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរប្រដាប់អាវុធ បានធ្វើសកម្មភាពចូលប្លន់ ក្នុងភូមិគ្រឹះរបស់ឧកញ៉ា អ៊ាន សៀវម៉ី ដែល ជានអ្នកលក់ឡេដ៍ល្បីឈ្មោះម្នាក់ ស្ថិតនៅចណុច ផ្ទះលេខវី០១ បុរីមូនថោន ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីមន្ត្រីនគរបាលម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះ គឺឧកញ៉ា អ៊ាន សៀវម៉ី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរមានអាស័យដ្ឋាន កន្លែង កើតហេតុហើយ បាត់បង់ទ្រព្យសម្បត្តិ ដូចជាគ្រឿងអលង្ការពេជ្រ និងលុយសរុបអស់ជិត ១០លានដុល្លារ។ ដោយឡែកក្រុម ជនសង្ស័យមានគ្នា០៤នាក់ មិនស្គាល់អត្ដសញ្ញាណ ប្រដាប់ដោយអាវុធ និងជិះរថយន្តម៉ាកឡិចស៊ីស GS-300 មួយគ្រឿង ។

នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(MC) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឱ្យ ជនរងគ្រោះឈ្មោះ អ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឱ្យ បើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ជនសង្ស័យ៕