រដ្ឋធានីហាណូយ៖ វិស័យកសិកម្ម ជានិច្ចកាល ជាអ្នកត្រួយត្រួយផ្លូវ ជំរុញឲ្យសម្រេចបាននូវការកាត់បន្ថយនូវភាពក្រីក្រ និង សន្ដិសុខស្បៀង នៅក្នុងប្រទេសវៀតណាម ហើយបច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ ក្លាយជាប្រទេសនាំចេញអង្ករ និង ផលិតផលកសិកម្មផ្សេងៗ​ទៀត ឈានមុខគេមួយរបស់ពិភពលោក។

​សារព័ត៌មានវៀតណាម (Vietnam Net) បានចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា បច្ចុប្បន្ន វៀតណាម ក្លាយជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ដល់សន្ដិសុខស្បៀងអាហាររបស់ពិភពលោក។ វៀតណាម បាននាំចេញអង្ករ ជាង៦លានតោន ក្នុងមួយឆ្នាំ ឬស្មើនឹងជិត១០ភាគរយ នៃការនាំចេញអង្កររបស់ពិភពលោក។  ប្រទេសអាស៊ានមួយនេះ ឈរនៅលំដាប់លេខ៣ នៃប្រទេសនាំអង្ករចេញដ៏ធំបំផុត នៅលើពិភពលោក បន្ទាប់ពីឥណ្ឌា និង ថៃ។​

ជាមួយគ្នានឹងបរិមាណ នៃការនាំចេញវិស័យកសិកម្មនេះ  វៀតណាម​ ក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទី និង ម្រេចនាំមុខគេ ហើយក្លាយជាប្រទេសនាំចេញកាហ្វេធំលំដាប់ទីពីរ បន្ទាប់ពីប្រេស៊ីល។ វៀតណាម ក៏ស្ថិតក្នុងចំណោមប្រទេសនាំចេញអាហារសមុទ្រ បន្លែ និង ផលិតផលឈើលំដាប់ពិភពលោកផងដែរ។ ចំណែកទិន្នផលកសិកម្មសរុបរបស់វៀតណាម ប្រហែលពាក់កណ្ដាល ត្រូវបាននាំចេញ ដោយរកបានប្រាក់ចំណូល ជាង៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ សម្រាប់ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ៕