រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមានករណីឆ្លងថ្មី នៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នៅតាមរដ្ឋចំនួន៣នោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ចេញផែនការ ទប់ស្កាត់វីរុសនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ​បានប្រកាសពីវិធានការថ្មី សម្រាប់ស្កាត់នឹងវីរុសបំប្លែងថ្មី Omicron ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិក បានកើតឡើង ក្រោយពេលរកឃើញ​មានវិជ្ជមាន ចំនួន​២ ករណី នៃវីរុស Omicron  ត្រូវបានរកឃើញ នៅក្នុងរដ្ឋកាលីហ្វ័ញ៉ា និង ​រដ្ឋ​ Minnesota ។ ​

ស្របគ្នានេះដែរ លោកស្រី Kathy Hochul អភិបាលរដ្ឋញូវយ៉ក ​បានប្រកាសថា មានករណីវិជ្ជមាន នៃវីរុសបំប្លែងថ្មី Omicron  ចំនួន៥ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋរបស់លោកស្រី។ បើតាមការប្រកាសរបស់លោកស្រី ធ្វើឲ្យសហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុស Omicron សរុប ចំនួន៧នាក់ នៅក្នុងរដ្ឋចំនួន៣ រួមមាន រដ្ឋកាលីហ្វ័រញ៉ា មីណេសូតា និង ញូវយ៉ក។​

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកវ បានថ្លែង នៅក្នុង​វិទ្យាស្ថានសុខាភិបាលជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «នេះជាដំបូន្មានរួមរបស់អ្នកទាំងអស់គ្នា ទើបយើងអាចបង្កើតផែនការនេះឡើង។ យើងនឹង​នឹងមិនមានការបិទខ្ទប់ប្រទេសអ្វីឡើយ ប៉ុន្តែយើងត្រូវតែពង្រីកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងដូសជំរុញ ហើយបង្កើនការធ្វើតេស្ត និង មានវិធានការជាច្រើនទៀត… សម្រាប់ទប់ស្កាត់វីរុសនេះ»។

ទោះជាយ៉ាងណា លោកប្រធានាធិបតីសហរដ្ឋអាមេរិក  បានបញ្ជាក់ថា ​«វិធានការ​នេះ នៅតែអនុញ្ញាតឱ្យសាលារៀន និង អាជីវកម្មនានា​បន្តបើកទ្វារដំណើរជាធម្មតា ដោយរក្សា​វិធានការ​សុវត្ថិភាព សម្រាប់ប្រជាជនអាមេរិក​ទាំងអស់គ្នា។ យើង​រួមគ្នា​ប្រយុទ្ធជាមួយវីរុសបំប្លែងខ្លួន ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងភាពរហ័សរហួន… មិនមែនដោយភាពវឹកវរ និង ការភាន់ច្រឡំឡើយ»។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១២១ ៤៩៨នាក់ និង មានករណីស្លាប់ថ្មី ១ ១៩៨នាក់។ សម្រាប់ថ្ងៃនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មី នៃកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក តែមានអ្នកស្លាប់ថ្មីច្រើន បន្ទាប់ពីរុស្ស៊ី។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៤៩,៦លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៨០៦ ៣២៩នាក់ និង មានអ្នកជាសះស្បើយ ជាង៣៩,៣លាននាក់៕