រាជធានីភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលឡាវ បានអះអាងថា ខ្លួននឹងរៀនសូត្រពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះផែនការចាក់វ៉ាក់សាំងកូវីដ១៩។

ការអះអាងរបស់ឡាវ បានធ្វើឡើងដោយ លោក Bounfeng Phoummalaysith រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ ក្នុងជំនួបជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីស្តីការក្រសួងសុខាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/a/AVvXsEiVWvl-II6DkeHwDSBu4DknoSM1d-M41U6CGh0N9VukSZgYG-H9qzzvv6TZgXQ13OfcvE2gF0Qk9VT0ISR0Sk4rL9ibMtyqpyJMpfLGoZRqcikexv2oK4rG5kFAJSmfV3sveYU__D7mH6lH-LKhycXysi2JovawSRn-yeXL1dtQh7avvbgLLWpNnR_YUA=s1280

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «គាត់នឹងរៀនសូត្រពីកម្ពុជា នៅក្នុងការទៅស្វែងរកអ្នកមានតម្រូវការចាក់វ៉ាក់សាំងនេះ ដើម្បីផ្តល់វ៉ាក់សាំងកូវីដ១៩នេះ ជូនទៅដល់ប្រជាពលរដ្ឋរបស់គាត់ ឲ្យបានច្រើន ដែលគាត់រំពឹងថា នៅក្នុងឆ្នាំ២០២២ខាងមុខនេះ គាត់នឹងពង្រីកការចាក់វ៉ាក់សាំងនេះ ដល់ក្រុមអាយុផ្សេងៗទៀត និងធ្វើជាលំដាប់ៗតទៅទៀត»។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ បានកោតសរសើរពីផែនការចាក់វ៉ាក់សាំងរបស់កម្ពុជាយ៉ាងជោគជ័យ រហូតដល់ការអាចបើកប្រទេសឡើងវិញ កាលពីពាក់កណ្តាលខែវិច្ឆិកានេះ ដែលមេរៀនដ៏សំខាន់នេះ ឡាវនឹងរៀនសូត្រតាម។
https://blogger.googleusercontent.com/img/a/AVvXsEjj5hfknSyoWd7ih8IKvpTY9JRNoOqR5C-sD4ZbhFKrnhpYJ-xKHRga2DggXLwNzBGRCNuq3CnjR9RQegDaBykjis5W3OXoWdrn0vazXleBE-QY2RjUFZv3qQfP5GhlNjvI7Z0oM7k7yGar76xQtlvUpvqpW7i5f2JA_WZzEUzg36ipLNBve3zRiTdIGQ=s1280

លោកបានថ្លែងអំណរគុណកម្ពុជា ចំពោះជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៉ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលថវិកា ៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង ១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ ក៏បានរំលឹកពីអំពើមនុស្សធម៌របស់កម្ពុជាចំពោះឡាវ មួយចំនួនទៀតដូចជា កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ហើយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាក៏បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសផងដែរ។
https://blogger.googleusercontent.com/img/a/AVvXsEhxuWSI9ElrlIcSeDhOIrEset-O3vUhLrYZeriEqAKLU97Ej8YGeSmlLZ0ce58FIZUsQLUVoEkdDul_6auMNKitz1Pi5FC2fkySw33SgnFytLUk2U11EnvQvt79wH2I5-TKPi-He-AcPoNkF0cPj8OlqufxCVlnZG0gvnn2j1DQG36xunKewR0HB9lYtQ=s1280

លោកបានចាត់ទុកថា ជំនួយទាំងអស់នោះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលឡាវ។ ចំពោះជំនួយរបស់កម្ពុជាលើកនេះ ឡាវនឹងយកទៅប្រើប្រាស់ ដល់ផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដល់អ្នកដែលរស់នៅតំបន់ឆ្ងាយៗបន្ថែមទៀត។

សូមជម្រាបថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ២គ្រឿង ដែលជាទឹកចិត្តសប្បុរសរបស់កម្ពុជា ក្នុងការជួយដល់ប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងត្រូវប្រគល់ដល់រដ្ឋាភិបាលឡាវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕