រដ្ឋធានីវ៉ាសាវី៖ ប៉ូលិសប៉ូឡូញ បានរារាំងជនចំណាកស្រុក និង ជនភៀសខ្លួន នៅតាមព្រំដែនជាមួយនឹងប្រទេសបេឡារុស ហើយរដ្ឋាភិបាលទីក្រុងវ៉ាសាវី បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមីនស្ក៍ ពីការព្យាយាម បង្កឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង នៅតាមបណ្តោយព្រំដែន ស្របពេលវិបត្តិព្រំដែនកំពុងកើនឡើង អស់រយៈពេលជាច្រើនខែកន្លងមកនេះ។

សារព័ត៌មាន Al Jazeera បានផ្សាយថា ប៉ូឡូញ បានបញ្ជាក់ថា ខ្លួនបានរារាំងដល់ការប៉ុនប៉ងរបស់ជនចំណាកស្រុក និងជនភៀសខ្លួន រាប់រយនាក់ ដើម្បីចូលមកក្នុងប្រទេសរបស់ខ្លួន ដោយការធ្វើដំណើរ មកពីប្រទេសជិតខាង នាភាគខាងកើត រួមមាន ប្រទេសបេឡារុស។ ចំណែកមនុស្ស រាប់ពាន់នាក់ផ្សេងទៀត ក៏កំពុងធ្វើដំណើរ មកកាន់ប្រទេសប៉ូឡូញ។

រដ្ឋាភិបាលទីក្រុងវ៉ាសាវី បានបញ្ជាក់ថា ប៉ូឡូញ បានដាក់ពង្រាយកម្លាំងយោធា ឆ្មាំព្រំដែន និង ប៉ូលិសបន្ថែមទៀត ដើម្បីឆ្លើយតបនឹងស្ថានការណ៍ នៅតាមបណ្ដោយព្រំដែន នាភាគខាងកើត។ បើតាមឃ្លីបវីដេអូ ដែលបានចែករំលែក នៅលើបណ្ដាញសង្គម បង្ហាញឲ្យឃើញ ពីមនុស្សដើរឆ្ពោះទៅកាន់ព្រំដែន។ ចំណែកអ្នកខ្លះទៀត បានព្យាយាមកាត់របងព្រំដែន ដែលមានរាយលួសបន្លា ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមមាន កន្ដ្រៃកាត់ដែក …ជាដើម។

ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមីនស្ក៍ ពីការលើកទឹកចិត្តដល់ជនចំណាកស្រុក មកពីតំបន់អាស៊ីកណ្ដាល និងអាហ្វ្រិក ដើម្បីឆ្លងចូលមកក្នុងតំបន់អឺរ៉ុប តាមរយៈរដ្ឋជាសមាជិក ដូចជា ប៉ូឡូញ Lithuania និង Latvia ដោយឆ្លងចេញពីប្រទេសបេឡារុស៕