រដ្ឋធានីណៃពិដោរ៖ រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលវិបត្ដិមនុស្សធម៌កាន់តែធ្ងន់ឡើង ចាប់តាំងពីពួកយោធា ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ខ្លួនលោកស្រី អ៊ោង សាន់ស៊ូជី ហើយបច្ចុប្បន្ន ពលរដ្ឋភូមា ប្រហែល៣លាននាក់ កំពុងត្រូវការជំនួយជាបន្ទាន់។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយដកស្រង់សម្ដីរបស់លោក Martin Griffiths ប្រធានកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានព្រមាន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា ស្ថានភាពមនុស្សធម៌ ក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរឡើង។ ចំណែកពលរដ្ឋមីយ៉ាន់ម៉ា ប្រហែជាង៣លាននាក់ កំពុងត្រូវការជំនួយសង្គ្រោះជីវិត។ វិបត្ដិនយោបាយ នៅក្នុងប្រទេសអាស៊ានមួយ អាចនឹងរុញច្រានសេដ្ឋកិច្ចឲ្យដួលរលំ។

ស្ថិតក្នុងស្ថានភាពបែបនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ «UNSC» បានសម្រេចបើកកិច្ចប្រជុំជាបន្ទាន់មួយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ (វេលា នៅក្នុង
ទីក្រុងញូវយ៉ក) ដើម្បីពិភាក្សា អំពីវិបត្ដិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចំណែកកិច្ចប្រជុំនេះ ក៏បានធ្វើឡើង ចំពេលខួបឆ្នាំទី១ នៃការជាប់ឆ្នោតជាថ្មីរបស់រដ្ឋាភិបាលលោកស្រី អ៊ោង សាន ស៊ូ ជី (Aung San Suu Kyi) ។

លោក James Kariuki ឯកអគ្គរាជទូតរង ចក្រភពអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា ចក្រភពអង់គ្លេស បានស្នើសុំឱ្យក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំនេះឡើង។ អង់គ្លេសមានក្ដីព្រួយបារម្ភ ចំពោះសកម្មភាពរបស់ពួកយោធា នៅភាគពាយព្យ នៃប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពរបស់ពួកយោធាមីយ៉ាន់ម៉ា នាពេលនេះ ធ្វើឲ្យយើងនឹកឃើញដល់អំពើដ៏ព្រៃផ្សៃ នៅក្នុងរដ្ឋរ៉ាឃីន បានសម្លាប់យ៉ាងរង្គាលទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

លោក James Kariuki ឯកអគ្គរាជទូតរង ចក្រភពអង់គ្លេស បានបញ្ជាក់ថា ស្ថានការណ៍ នៅតំបន់ភាគពាយព្យ ប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ចូលទៅក្នុង «សភាពដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។ ចំណែកការប្រយុទ្ធគ្នា រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងការពារជាតិ ឈីនលែន (Chinland) ក្នុងរដ្ឋ ឈីន Chin ហើយកងកម្លាំងការពារជាតិរបស់ប្រជាជន ក្នុងតំបន់ម៉េកវ៉ាយ (Magway) និង សាហ្គេង (Sagaing) កាន់តែមានសភាពខ្លាំងក្លាឡើង។

អង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួនថា ពលរដ្ឋមីយ៉ាម៉ា ជាង ៣៧ ០០០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានផ្លាស់ទីលំនៅថ្មី។ ចំណែកផ្ទះសម្បែងរបស់ពួកគេជាង១៦០ខ្នង ត្រូវបានដុតបំផ្លាញ ក្នុងនោះ មានទាំងព្រះវិហារ និងការិយាល័យរបស់អង្គការមនុស្សធម៌ថែមទៀតផង។ អង្គការសហប្រជាជាតិ បានជំរុញឲ្យគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបញ្ឈប់សកម្មភាពរបស់ពួកគេ ។ បើតាមច្បាប់មនុស្សធម៌អន្ដរជាតិ បានហាមឃាត់ការវាយទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ផងដែរ៕