បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ច្រើនជាងបណ្ដាប្រទេសនានា ខណៈរុស្ស៊ីមានអ្នកស្លាប់ថ្មីខ្ពស់បំផុត នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៤៣ ០១២នាក់ និងមានករណីស្លាប់ថ្មី ៣៦៨នាក់។ គិតត្រឹមវេលាខាងលើ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៤៧,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៧៧៥ ៩៦៤នាក់ និង មានអ្នកជាសះស្បើយ ជាង៣៧,៤លាននាក់។

រុស្ស៊ី មានអ្នកឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣៩ ៤០០នាក់ និង មានករណីស្លាប់ថ្មី ១ ១៩០នាក់ ហើយនេះជាចំនួនអ្នកស្លាប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក សម្រាប់ថ្ងៃនេះ។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨,៨លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ២៤៨ ០០៤នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៥លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ បានរកឃើញករណីឆ្លងថ្មី ៨៩នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៧ ៨២៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ៩៨៥នាក់។ ចំណែកអ្នកជំងឺ ចំនួន ១ ២០២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕