រដ្ឋធានីកាប៊ូល៖ ស្របពេលការដួលរលំសេដ្ឋកិច្ច និង វិបត្ដិមនុស្សធម៌កាន់តែអាក្រក់ទៅ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅអាស៊ីកណ្ដាលមួយនេះ ជាង៩០ភាគរយ មិនមានស្បៀងអាហារគ្រប់គ្រាន់ ខណៈរដូវរងារចូលមកដល់ ហើយស្ថានភាពបែបនេះ ក៏មិនខុស ពីការប្រៀបប្រដូចទៅនឹងឋាននរក នៅលើភពផែនដីនោះដែរ។

ចាប់តាំងពីតាលីបង់ បានវាយដណ្ដើម កាន់កាប់ប្រទេសអាហ្វហ្គានីស្ថានសាជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពេលសហរដ្ឋអាមេរិក បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញ សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកណ្ដាលមួយនេះ ក៏បានដូលរលំ។ ចំណែកស្ថានភាពវិបត្ដិមនុស្សធម៌ ក៏កាន់តែអាក្រក់ទៅ ហើយពលរដ្ឋអាហ្វហ្គានីស្ថានកំពុងតែប្រឈមមុខនឹងកង្វះខាតស្បៀងអាហារយ៉ាងខ្លាំង ជាពិសេស ខណៈរដូវរងារចូលមកដល់។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នៅ Maidan Wardak ជាខេត្តមួយ នៅភាគខាងលិច មានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ពីរដ្ឋធានីកាប៊ូល មានបុរសអាហ្វហ្គានីស្ថាន រាប់រយនាក់ កំពុងតែប្រមូលផ្ដុំគ្នា ដោយសង្ឃឹមថា នឹងទទួលបានម្សៅ ពីកន្លែងចែកចាយជាផ្លូវការ។ ម្សៅទាំងនោះ នឹងត្រូវបានផ្តល់ឲ្យ តាមរយៈកម្មវិធីអាហារពិភពលោក ហៅកាត់ « WFP»។ ដោយឡែក ទាហានតាលីបង់ បានបញ្ជាឲ្យហ្វូងមនុស្សទាំងនោះ រក្សាភាពស្ងប់ស្ងាត់។ ប៉ុន្ដែអ្នកមិនមានសិទ្ធិទទួល បានខឹងសម្បា លាយឡំនឹងការភ័យខ្លាចផងដែរ។

WFP ប្រឈមមុខនឹងការផ្គត់ផ្គងស្បៀងអាហារ កើនឡើងដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយដល់មនុស្សជាង២២លាននាក់ ដែលកំពុងតែខ្វះខាតស្បៀង។ ប្រសិនបើអាកាសធាតុអាក្រក់ ដូចអ្វីដែលមន្រ្ដីជំនាញព្យាករ ក្នុងរដូវរងានេះ ការរំពឹងទុក គឺចំនួនប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន កាន់តែច្រើនឡើង នឹងត្រូវប្រឈមនឹងការគំរាមកំហែង ដោយសារការអត់ឃ្លានដ៏ធ្ងន់ធ្ងរ និងគ្រោះទុរ្ភិក្សរាលដាល កាន់តែខ្លាំងឡើង។

លោក David Beasley នាយកប្រតិបត្ដិ WFP បានថ្លែងថា «ស្ថានភាព ពិតជាអាក្រក់ដូចដែលអ្នកអាចស្រមើស្រមៃ។ ជាការពិតណាស់ យើងកំពុងតែសម្លឹងមើលទៅលើវិបត្ដិមនុស្សធម៌ដ៏អាក្រក់បំផុត នៅលើភពផែនដីនេះ»។

លោក David Beasley នាយកប្រតិបត្ដិ WFP បានបញ្ជាក់ថា «ពលរដ្ឋ៩៥ភាគរយ មិនមានស្បៀងអាហារគ្រប់គ្រាន់។ ឥឡូវនេះ យើងកំពុងសម្លឹង មើលពលរដ្ឋអាហ្វហ្គានីស្ថាន ជាង២៣លាននាក់ ដែលកំពុងដើរឆ្ពោះទៅរកភាពអត់ឃ្លាន ហើយប្រាំមួយខែទៀត នឹងទៅជាគ្រោះមហន្តរាយ។ ករណីនេះ នឹងក្លាយជានរក នៅលើផែនដី»។

មុនពេលពួកតាលីបង់ បានដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ គេមានទំនុកចិត្តថា រដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតី នៃប្រទេសនេះ នឹងអាចដោះស្រាយបញ្ហាគំរាមកំហែង ពីអាកាសធាតុ នៅក្នុងរដូវរងារនេះបាន ដោយសារការផ្ដល់ជំនួយ ពីសហគមន៍អន្ដរជាតិ។ ប៉ុន្ដែជំនួយទាំងនោះ បានក្សត់អស់ទៅ ក្រោយពេលរដ្ឋាភិបាលរបស់លោក Ashraf Ghani បានដួលរលំ។ ចំណែកប្រទេសលោកខាងលិច បានកាត់បន្ថយជំនួយរបស់ពួកគេ លែងជួយដល់ប្រទេសអាស៊ីកណ្ដាលមួយនេះបន្ដទៀត៕