បរទេស៖ ក្រោយពេលរថយន្ដដឹកប្រេងមួយគ្រឿង បានបុកគ្នាជាមួយនឹងរថយន្ដធុនធំមួយគ្រឿងទៀត បណ្ដាលឲ្យផ្ទុះលាន់កក្រើកដី ឆេះស្លាប់មនុស្ស១០៨នាក់បាត់បង់ជីវិត និង៩២នាក់ផ្សេងទៀតរងរបួសនោះ ប្រធានាធិបតីសៀរ៉ាឡេអូន បានសម្រេចប្រកាសកាន់ទុក រយៈពេល៣ថ្ងៃ។

បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីហួ បានចេញផ្សាយ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រថយន្ដដឹកប្រេងឥន្ធនៈមួយគ្រឿង បានបុកគ្នាជាមួយនឹងរថយន្ដធុនធំ បណ្ដាលឲ្យផ្ទុះឆេះ កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា នៅក្នុងរដ្ឋធានី Freetown ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ បានសម្លាប់មនុស្ស១០៨នាក់ ហើយ៩២នាក់ផ្សេងទៀត រងរបួស។

ក្រោយពេលមានហេតុការណ៍ដ៏គួរឲ្យសោកសង្រេងបែបនេះកើតឡើង លោក ជូលៀស ម៉ាដា បាយ៉ូ (Julius Maada Bio) ប្រធានធិបតីសៀររ៉ាឡេអូន (Sierra Leone) បានសម្រេចប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ នៅក្នុងដំណើរចុះទៅសួរសុខទុក្ខអ្នករងរបួស សរុប៩២នាក់ នៅក្នុងមន្ទីរពេទ្យទីក្រុង Freetown នោះ លោកប្រធានាធិបតី បានសន្យាថា នឹងបើកការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

លោក Julius Maada Bio ប្រធានាធិបតីសៀររ៉ាឡេអូន បានបញ្ជាក់ថា «យើងត្រូវរៀនសូត្រពីឧប្បត្តិហេតុដ៏អកុសលនេះ។ ខ្ញុំបានផ្អាកមួយរយៈនូវការធ្វើដំណើរ ចេញទៅក្រៅប្រទេសរបស់ខ្ញុំ ដើម្បីមកមើលអ្នកស្លាប់ និងជួបអ្នកនៅរស់រានមានជីវិត ក្រោយពីការផ្ទុះរថយន្ដដឹកស៊ីទែនប្រេង។ ខ្ញុំមានអារម្មណ៍ខ្លោចផ្សា នៅក្នុងចិត្តខ្លាំងណាស់ ខណៈឃើញជនរួមជាតិ បាត់បង់ជីវិតយ៉ាងច្រើនបែបនេះ»៕