រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលបិទខ្ទប់ប្រទេស អស់រយៈពេល២០ខែ ដើម្បីទប់ស្គាត់ជំងឺកូវីដ-១៩ នៅទីបំផុត សហរដ្ឋអាមេរិក បានសម្រេចនឹងបើកព្រំដែនឡើងវិញ សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយ ចាប់ពីថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៨ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក នឹងបញ្ចប់បម្រាម រយៈពេល២០ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងការចូលមកលើទឹកដីប្រទេសមហាអំណាចមួយនេះ ។ សហរដ្ឋអាមេរិក នឹងបើកព្រំដែនទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ សម្រាប់ទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចរាល់ ចំនួន២ដូស។ បម្រាមទាំងនេះ ត្រូវបានចេញ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។

បម្រាមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានចេញ នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ដែលមិនមែនជាជនជាតិអាមេរិក មកពីប្រទេសចំនួន៣០ រួមទាំង ចក្រភពអង់គ្លេស និងរដ្ឋនានា នៅអឺរ៉ុប ដែលត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ និង បញ្ឈប់សកម្មភាពលើវិស័យទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍នានា នឹងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើន ខណៈការរឹតបន្ដឹងច្បាប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានលុបចោល សម្រាប់អ្នកដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស និង ឆ្លងកាត់ការធ្វើតេស្ដ ហើយការតាមដានពីទំនាក់ទំនងសុខភាព។

លោក Jerome Thomann ប្រធានទីភ្នាក់ងារទេសចរណ៍ Jetset Voyages ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ជាក់ថា «ពិតជាអស្ចារ្យខ្លាំងណាស់ មានអារម្មណ៍រំភើបខ្លាំងណាស់ ក្រុមហ៊ុនរបស់លោក បានឃើញ«ការកក់សំបុត្រកើនឡើង មិនគួរឱ្យជឿ »។

សហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្យាយាម ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយព្រំដែនត្រូវបានបិទជាដំបូង សម្រាប់អ្នកធ្វើដំណើរ មកពីប្រទេសចិន នៅក្នុងអំឡុងដើមឆ្នាំ២០២០។ បន្ទាប់មក ការរឹតបន្ដឹង ក៏បានចាប់ផ្ដើម ពង្រីកទៅកាន់ប្រទេសជាច្រើនផ្សេងទៀត។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះដោយកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក។ បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅថ្ងៃទី៨ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី ២៣ ១៦៥នាក់ និង មានករណីស្លាប់ថ្មី ១២៣នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៧,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៧៧៥ ២១៨នាក់ និង មានអ្នកជាសះស្បើយ ជាង៣៧,៣លាននាក់៕