រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពីទទួលបានជោគជ័យ និង ល្បីល្បាញលើសគេខាងការបង្កើតវ៉ាក់សាំងដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយត្រូវបានគេប៉ាន់ ប្រមាណពីការរកប្រាក់ចំណូលបាន រហូតដល់ប្រហែលជាង៣២ពាន់លានដុល្លារនោះមក ក្រុមហ៊ុន Pfizer បានប្រកាសថា ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិកមួយនេះ បានបង្កើតថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺដ៏កាចសាហាវមួយនេះ មានប្រសិទ្ធភាព រហូតដល់ខ្ពស់បំផុត។

សារព័ត៌មាន The Jerusalem Post បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Albert Bourla នាយកប្រតិបត្ដិ ក្រុមហ៊ុនឱសថ Pfizer បានអះអាងថា ក្រុមហ៊ុន Pfizer មានគម្រោងដាក់ឯកសារស្នើទៅកាន់រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក ហៅកាត់ «FDA» ដើម្បីសុំឲ្យអនុម័តប្រើប្រាស់នូវថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩។ ថ្នាំគ្រាប់នេះ អាចកាត់បន្ថយហានិភ័យ រហូតដល់៨៩ភាគរយ សម្រាប់អ្នកជំងឺឆ្លងកូវីដ-១៩ ដែលវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ។

ក្រុមហ៊ុនដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក Pfizer បានបញ្ជាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ថ្នាំគ្រាប់លេបសម្រាប់ព្យាបាលជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Pfizer Inc ត្រូវបានបង្ហាញថា ឱសថគ្រាប់នេះ អាចកាត់បន្ថយហានិភ័យ រហូតដល់៨៩ភាគរយ នៅក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ឬការស្លាប់ សម្រាប់មនុស្សពេញវ័យ ដែលបានឆ្លងកូវីដ-១៩ ហើយវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ។

ថ្នាំគ្រាប់សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Pfizer មានឈ្មោះ « Paxlovid » អាចទទួលបានការយល់ព្រម តាមច្បាប់របស់សហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ។ បើតាមការសាកល្បងរបស់ Pfizer ទើបនឹងត្រូវបានបញ្ចប់ នៅមុននេះ រកឃើញថា វាមានអត្រាជោគជ័យខ្ពស់ បើទោះជាទិន្នន័យសាកល្បងពេញលេញ ក្រុមហ៊ុននៅមិនទាន់បានបង្ហាញ នៅឡើយ។

លោក ចូ បៃដិន ប្រធានាធិបតី បានបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធានាដល់ឱសថរាប់លានដូសរបស់ក្រុមហ៊ុន Pfizer ។ ប៉ុន្ដែប្រសិនបើថ្នាំលេប Paxlovid នេះ ត្រូវបានទទួលស្គាល់ ដោយ FDA របស់សហរដ្ឋអាមេរិកនោះ យើងនឹងមានថ្នាំគ្រាប់ ក្នុងពេលដ៏ឆាប់ៗនេះ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ដល់អ្នកឆ្លងកូវីដ-១៩។ ចំណែកការព្យាបាល អាចក្លាយជាឧបករណ៍មួយ នៅក្នុងដៃរបស់យើង ដើម្បីការពារពលរដ្ឋ ពីលទ្ធផលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩»៕