រដ្ឋធានីវ៉ាស៊ីតោន៖ ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជូនយន្ដហោះយោធាជិត២០០គ្រឿង ហោះរំលោភចូលទៅលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ហើយដាក់សម្ពាធកាន់តែខ្លាំងទៅលើដែនកោះមួយនេះ សមាជិកសភាសហរដ្ឋអាមេរិក មកពីសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានណែនាំសេចក្ដីព្រាងច្បាប់ ដើម្បីស្វែងរកការផ្តល់ប្រាក់ចំនួន ២ ០០០លានដុល្លារ ក្នុងមួយឆ្នាំ និងផ្ដល់ជំនួយផ្សេងៗទៀត រួមទាំង មីស៊ីល្បឿនលឿនជាងសំឡេង ជួយពង្រឹងកិច្ចការពារដល់ដែនកោះតៃវ៉ាន់។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា សេចក្ដីព្រាងច្បាប់នោះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ថវិកា រហូតដល់២០០០លានដុល្លារ ក្នុងមួយឆ្នាំ នៅក្នុងការផ្តល់ហិរញ្ញប្បទានយោធាបរទេស ដោយឥតសំណងដល់កោះតៃវ៉ាន់។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏នឹងប្រាក់កម្ចី ដែលអាចឲ្យប្រទេសនានា ទិញគ្រឿងសព្វាវុធ និងឧបករណ៍ការពារ ដែលផលិត នៅលើទឹកដីសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣២ សម្រាប់ជួយកោះតៃវ៉ាន់ អាចមានលទ្ធភាពគ្រប់គ្រងដោយខ្លួនបាន។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានលើកឡើង ដោយគណបក្សសាធារណរដ្ឋ ជាបក្សមានសំឡេងភាគតិច នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ប៉ុន្តែករណីនេះ នឹងបន្ថែមសម្ពាធដល់លោក ចូ បៃដិន ប្រធានាធិបតី សម្រាប់សកម្មភាពដ៏អង់អាចក្លាហាន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ ដើម្បីមិនឲ្យដែនកោះមួយនេះនៅឯកោបន្ដទៅទៀត។

លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ ធ្លាប់បានលើកឡើង កាលពីពេលថ្មីៗនេះ ថា កងទ័ពពិសេសរបស់សហរដ្ឋអាមេរិកមួយចំនួនតូច កំពុងស្ថិត នៅលើដែនកោះតៃវ៉ាន់ ដើម្បីបណ្ដុះបណ្ដាលកងទ័ពរបស់ដែនកោះនេះឲ្យមានសមត្ថភាពទប់ទល់នឹងចិន។ កន្លងមក សហរដ្ឋអាមេរិក បានជំរុញឲ្យតៃវ៉ាន់ បន្តកំណែទម្រង់លើវិស័យការពារជាតិ ដើម្បីផ្តោតលើសមត្ថភាព ហើយធ្វើឲ្យកម្លាំងយោធារបស់ដែនកោះនេះ ធានាថា មានសមត្ថភាពអាចរក្សាបាននូវកម្លាំងបម្រុងដ៏រឹងមាំ ។

ជាមួយគ្នានេះដែរ គណៈប្រតិភូ នៃសមាជិកសភារបស់អឺរ៉ុប កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏បានទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅលើដែនកោះតៃវ៉ាន់។ លោក Raphael Glucksmann ជាសមាជិកសភាអឺរ៉ុបរបស់បារាំង បានថ្លែងទៅកាន់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ថា «ពួកយើងបានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅទីនេះ ក៏ជាសារមួយបង្ហាញយ៉ាងច្បាស់ថា តៃវ៉ាន់មិនមែននៅឯកោទេ… អឺរ៉ុបកំពុងនៅជាមួយនឹងពលរដ្ឋតៃវ៉ាន់»។

ប្រទេសមហាអំណាចលោកខាងលិច បានចេញមុខអះអាង និងថ្លែងប្រាប់មេដឹកនាំកំពូលៗរបស់កោះតៃវ៉ាន់ ថា «តៃវ៉ាន់មិននៅឯកោ» បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងតៃវ៉ាន់ និងចិន។ ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជូនយន្ដហោះយោធាជិត២០០គ្រឿង រំលោភចូលទៅលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ នេះជាសារមួយបង្ហាញយ៉ាងច្បាស់របស់ចិន គំរាមកំហែងទៅដល់ស្ថិរភាព និងសុវត្ថិភាពរបស់តៃវ៉ាន់៕