រាជធានីភ្នំពេញ ៖ ផ្លែចេកទុំ គឺពិតជាល្អសម្រាប់សុខភាព ខណៈចេកដែលទុំជ្រុលរហូតស្វិត ឬរលួយសម្បក មនុស្សក៏នៅតែអាចបន្តញ៉ាំបាន ក៏ប៉ុន្តែបើយើងញ៉ាំផ្លែចេករលួយនៅថ្ងៃទីមួយ នៅថ្ងៃទីពីរ ចេកទុំថ្មីមួយទៀតនឹងបន្តក្លាយជាចេករលួយ ហើយបើថ្ងៃទីពីរនោះ យើងនឹងនៅតែញ៉ាំចេករលួយដដែល យើងនឹងត្រូវញ៉ាំចេករលួយជារៀងរាល់ថ្ងៃ។

ងាកមកវិញ ប្រសិនបើយើងបោះចោលចេករលួយនៅថ្ងៃទីមួយ ហើយយើងបរិភោគចេកទុំល្អជំនួសវិញ នៅថ្ងៃទីពីរយើងប្រាកដជាទទួលបានចេកចាស់ដែលនឹងក្លាយទៅជាចេកទុំល្អបន្តទៀត ហើយយើងក៏អាចបរិភោគចេកទុំល្អជារៀងរាល់ថ្ងៃផងដែរ។

សម្រាប់ជីវិតរបស់យើងក៏ដូចគ្នា យើងត្រូវរៀនដោះលែងខ្លួនឯងពីអតីតកាលដែលមិនល្អ និងចាត់ទុកអតីតកាលជាមេរៀនសម្រាប់ជីវិត។ ចំណែកឯអនាគតដែលមិនទាន់មកដល់ កុំគិតច្រើនស្មុគស្មាញពេកនាំឱ្យខូចអារម្មណ៍។ យើងត្រូវរៀនរស់នៅដោយផ្តោតអារម្មណ៍និងធ្វើរឿងដែលត្រូវធ្វើនៅថ្ងៃនេះ ពេលនេះឱ្យបានល្អបំផុត ហើយរីករាយនឹងបច្ចុប្បន្នកាលដែលអ្នកកំពុងតែមាន ទើបយើងអាចទទួលបានសេចក្តីសុខយ៉ាងពេញលេញ។ អតីតកាលប្រៀបដូចជាចេកដែលទុំរលួយ ចំណែកឯចេកទុំដែលមានសម្បុរសម្បកល្អជាពេលវេលាបច្ចុប្បន្នដែលអ្នកត្រូវតែរីករាយជាមួយ៕