រាជធានីភ្នំពេញ ៖ ការដែលរស់នៅដើម្បីតែខ្វល់ខ្វាយទៅលើការគិតរបស់អ្នកដទៃមកកាន់ខ្លួនក៏ជាកត្តា ឬមូលហេតុដែលនាំឲ្យជីវិតធ្លាក់ទៅកាន់សេចក្ដីទុក្ខសោក ឬការជាប់ឃុំសម្ពាធផ្លូវចិត្ត ហើយប្រការនេះអាចធ្វើឲ្យអ្នករស់នៅគ្មានសេរីភាពនោះឡើយ។ ជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែមានផ្លូវសម្រាប់ដើរខុសៗគ្នា ហើយប្រសិនបើអ្នកគិតតែអង្គុយខ្វល់ពីអារម្មណ៍អ្នកដទៃគិតមិនល្អ ឬប្រមាថមកលើខ្លួននោះអ្នកនឹងកាន់តែរស់នៅក្នុងភាពតានតឹងជាដរាប។

មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ឲ្យជីវិតរបស់ខ្លួនរស់នៅប្រកបដោយសុភមង្គល និងមានសេរីភាពផ្នែកផ្លូវចិត្ត ក៏ប៉ុន្តែហេតុអ្វីបានជាមនុស្សភាគច្រើនបែរជាចំណាយពេលស្ទើរតែជិតពាក់កណ្តាលជីវិតទៅលើរឿងទុក្ខសោក បញ្ហា ការឈឺចាប់ទៅវិញ? ជាការពិតណាស់ រាល់ការសម្រេចចិត្ត ឬសកម្មភាពដែលយើងធ្វើទៅហើយ យើងតែងតែខ្លាចនូវអ្វីដែលអ្នកដទៃគិតមកលើយើង។ ពេល​យើង​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង ក្តី​សុបិន​របស់​យើង​គឺ​មិន​ដូច​អ្វី​ដែល​អ្នក​ដទៃ​បាន​សម្រេច។ ជាហេតុធ្វើឲ្យអ្នកដទៃគិតអវិជ្ជមាន ឬមានគំនិតមិនល្អមកលើយើង។

ជារឿងដ៏ត្រឹមត្រូវមួយយើងមិនចាំបាច់ព្យាយាមខ្វល់ ឬគិតពីអ្វីដែលអ្នកដទៃគិតមកលើខ្លួននោះទេ ព្រោះជីវិតគឺជារបស់យើង ហេតុអ្វីយើងត្រូវធ្វើដើម្បីផ្គាប់ចិត្តអ្នកដទៃទៅវិញ? ចូរចាំថា ប្រសិនបើយើងរវល់តែគិតពីគំនិតដែលអ្នកដទៃគិតមកលើខ្លួននោះជាហេតុនាំឲ្យអ្នករស់នៅមិនមានជីវិតជាខ្លួនឯងនោះឡើយ៕ អត្ថបទ ៖ ប៊ុត បឋវី