រដ្ឋធានីខាទូម៖ ពួកយោធា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ចាប់ឃុំខ្លួន លោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ និង គណៈរដ្ឋមន្រ្ដីរបស់លោក ហើយបានប្រកាសរំលាយរដ្ឋាភិបាលស៊ីវល និងបានបាញ់គ្រាប់ពិតរទៅលើហ្វូងបាតុករ បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត និង រងរបួសជាច្រើននាក់ នៅក្នុងរដ្ឋធានីខាទូម។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា លោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ និង រដ្ឋមន្រ្ដីជាច្រើនរូបផ្សេងទៀត ត្រូវបានពួកយោធា ចាប់ឃុំខ្លួន នៅក្នុងផ្ទះ។ បន្ទាប់មក យោធាស៊ូដង់ បានប្រកាសរំលាយរដ្ឋាភិបាលស៊ីវិល។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលបែបនេះ បានបង្កឲ្យមានការតវ៉ា ពីពលរដ្ឋស៊ូដង់ ហើយពួកយោធាបានបាញ់ប្រហារគ្រាប់ពិតទៅលើហ្វូងបាតុករ បណ្ដាលឲ្យបាត់បង់ជីវិតនាក់ និងរាប់សិបនាក់ទៀត រងរបួស។

ក្រុមបាតុករ បានចេញមកតាមដងផ្លូវតវ៉ាប្រឆាំងនឹងអំពើរដ្ឋប្រហារ ក្រោយពេលពួកយោធា បានចាប់ឃុំខ្លួនលោក Abdallah Hamdok នាយករដ្ឋមន្រ្ដីសូដង់ និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ ហើយបានប្រកាសរំលាយរដ្ឋាភិបាលស៊ីវិល និង ប្រកាសដាក់ប្រទេស នៅក្នុងគ្រាអាសន្ន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ លើសពីនេះទៅទៀត យោធាស៊ូដង់ បានដើររុករកតាមផ្ទះរបស់ប្រជាពលរដ្ឋ នៅពាសពេញរដ្ឋធានី Khartoum ដើម្បីចាប់ខ្លួនក្រុមអ្នកតវ៉ា ប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់ពួកគេ។

ដោយឡែក លោកឧត្ដមសេនីយ៍ Abdel Fattah Burhan មេដឹកនាំរដ្ឋប្រហារយោធា នៅស៊ូដង់ បានស្ដីបន្ទោសទៅលើជម្លោះនយោបាយ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទើបពួកយោធា ចេញមកធ្វើសកម្មភាពបែបនេះ។ មេដឹកនាំយោធា និងស៊ីវិល បានកើតមានជម្លោះនឹងគ្នា ក្រោយការដួលរលំ នៃរបបគ្រប់គ្រងដ៏យូររបស់លោក Omar al-Bashir នៅស៊ូដង់ កាលពីពីរឆ្នាំមុន ហើយរដ្ឋាភិបាលអន្តរកាល ក៏បានបង្កើតឡើង។

លោក Jeffrey Feltman បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាហ្រ្វិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើរដ្ឋប្រហារនេះ។ អំពើរដ្ឋប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីមេដឹកនាំពិភពលោក ហើយសហរដ្ឋអាមេរិក ក៏បានសម្រេចផ្អាកជំនួយ មានទឺកប្រាក់ រហូតដល់៧០០លានដុល្លារផងដែរ។

លោក Mohamed Osman ជាអ្នកសារព័ត៌មានរបស់ BBC ភាសាអារ៉ាប់ បានរាយការណ៍ ពីរដ្ឋធានីខាទូម ថា ហ្វូងបាតុករ កាលពីរាត្រី ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញមកតាមដងផ្លូវនានា នៅក្នុងរដ្ឋធានី នៃប្រទេសស៊ូដង់ និងទីក្រុងផ្សេងៗទៀត។ ក្រុមបាតុករ បានទាមទារឲ្យវិលត្រឡប់ មករករបបគ្រប់គ្រងជាស៊ីវិលវិញ៕