រដ្ឋធានីខាទូម (Khartoum)៖ នាយករដ្ឋមន្រ្ដីស៊ូដង់ ត្រូវបានពួកយោធា មិនស្គាល់អត្ដសញ្ញាណ បានឡោមព័ទ្ធ និងចាប់ឃុំខ្លួន នៅក្នុងផ្ទះ កាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែតុលា ថា លោក Abdallah Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ ត្រូវបានកងទ័ពឡោមព័ទ្ធផ្ទះរបស់គាត់ ហើយបានចាប់ឃុំខ្លួន នៅក្នុងផ្ទះ។ ប៉ុន្ដែគេមិនទាន់ដឹងថា កងទ័ពទាំងនោះ ចេញមកពីអង្គភាពណានៅឡើយ។

បើតាមបណ្ដាញផ្សព្វផ្សាយ នៅក្នុងប្រទេសស៊ូដង់ បានរាយការណ៍ថា សកម្មភាពប្រឆាំងនឹងលោកនាយករដ្ឋមន្រ្ដី Abdallah Hamdok បានកើតឡើងភ្លាមៗ ក្រោយពេលកងទ័ពស៊ូដង់ បានចាប់ខ្លួនមន្រ្ដីស៊ីវិលជាច្រើនរូប រួមទាំង ទីប្រឹក្សាម្នាក់របស់លោកនាយករដ្ឋមន្រ្ដី និងសមាជិក នៃក្រុមប្រឹក្សាអធិបតេយ្យភាពម្នាក់ផងដែរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់បានដឹងច្បាស់ អំពីអត្ដសញ្ញាណរបស់កងយោធាទាំងនោះនៅឡើយ៕