រដ្ឋធានីបូហ្គោតា (Bogotá)៖ ស្ដេចគ្រឿងញៀន នៃប្រទេសកូឡុំប៊ីម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហើយឧក្រិដ្ឋជនរូបនេះ នឹងត្រូវធ្វើបត្យាប័ន បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា អាជ្ញាធរកូឡុំប៊ី បានប្រកាសថា ខ្លួនបានចាប់មេរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៣ ខែតុលា ហើយឧក្រិដ្ឋជនរូបនេះ នឹងត្រូវធ្វើបត្យាប័ន បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

អាជ្ញាធរកូឡុំប៊ី បានបញ្ជាក់ថា លោក Dairo Antonio Úsuga ដែលគេស្គាល់ថា Otoniel ជាមេរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតរបស់កូឡុំប៊ី។ មេឧក្រិដ្ឋជនរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា ដោយកម្លាំងប្រតិបត្ដិការចម្រុះ រួមមាន កងទ័ពជើងគោក ទ័ពអាកាស និងប៉ូលិស។

លោក Dairo Antonio Úsuga ជាអ្នកដឹកនាំក្រុមឧក្រិដ្ឋជនដ៏ធំបំផុត នៅក្នុងប្រទេសកូឡុំប៊ី ហើយក៏ជាជនដែលភ្នាក់ងារប្រឆាំងនឹងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ចង់បានបំផុត។ មន្រ្ដីសហរដ្ឋអាមេរិក ក៏បានឲ្យរង្វាន់ចំនួន៥លានដុល្លារ សម្រាប់ការយកក្បាលរបស់មេឧក្រិដ្ឋជនរូបនេះ ហើយសហរដ្ឋអាមេរិក បានចោទប្រកាន់ស្ដេចគ្រឿងញៀនរូបនេះ ពីការនាំចូលគ្រឿងញៀន «កូកាអ៊ីន»យ៉ាងតិច៧៣តោន ចូលទៅក្នុងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០០៣ដល់២០១៤។

ដោយឡែក លោក Diego Molano រដ្ឋមន្រ្ដីក្រសួងការពារជាតិកូឡុំប៊ី បានបញ្ជាក់ប្រាប់សារព័ត៌មាន El Tiempo ថា ជំហានបន្ទាប់ សម្រាប់មន្រ្ដីជំនាញកូឡុំប៊ី គឺត្រូវចងកងធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក៕