រាជធានីភ្នំពេញ ៖ ប្រសិនបើយើងសាកល្បងធ្វើការប្រៀបធៀបការភ័យខ្លាចរបស់បុរស ជាមួយនឹងស្រ្តីនោះគេនឹអាចមើលឃើញថាភាពភ័យខ្លាចរបស់ស្រ្តីគ្រប់រូបគឺជារឿងមួយដែលបុរសមួយចំនួនអាចនឹងមិនងាយយល់នោះឡើយ។ តើមនុស្សស្រីខ្លាចអ្វីជាងគេ?

មនុស្សស្រីតែងតែខ្លាចភាពចាស់ជរានិងខ្លាចខ្លួនមិនស្អាត! ជាការពិតណាស់ ក្នុងពិភពលោកនេះគ្មាននរណាម្នាក់ដែលកើតមកចង់បានមុខមាត់មិនស្អាតនោះឡើយ ជាពិសេសមនុស្សស្រីតែម្ដង ថ្វីបើសម្រស់គ្រាន់តែជារូបរាងខាងក្រៅក៏ពិតមែន ប៉ុន្តែវាអាចធ្វើឲ្យមនុស្សនោះមានទំនុកចិត្តបានមួយកម្រិតផងដែរ ហើយវាក៏កាន់តែធ្វើឲ្យមនុស្សនោះមានភាពជឿជាក់នៅពេលដែលគេជួបនរណាម្នាក់ផ្សេងទៀត។ មនុស្សស្រី ក៏ខ្លាចផងដែរនូវភាពចាស់ជរារបស់ខ្លួន ម្ល៉ោះហើយទើបបច្ចុប្បន្ននេះក៏មានស្រ្តីមិនតិចនាក់នោះទេដែលព្យាយាមទៅហាងថែរក្សាសម្រស់ដើម្បីជួយឲ្យខ្លួនគេមើលទៅក្មេងជាងវ័យ និងនៅតែស្រស់ស្អាត។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ មនុស្សស្រីក៏ខ្លាចផងដែរនូវការក្បត់ចិត្តពីសំណាក់ស្វាមីរបស់ខ្លួន។ ស្រ្តីមួយចំនួនតែងតែមានអារម្មណ៍គិតជាប់ជានិច្ចថា ខ្លាចតែនៅថ្ងៃណាមួយស្វាមីជាទីស្រឡាញ់របស់ខ្លួននឹងទៅលង់សម្រស់ជាមួយនារីដទៃផ្សេងទៀតនៅខាងក្រៅ ពេលនោះនាងនឹងអាចរងទុក្ខផ្លូវចិត្ត សម្ពាធអារម្មណ៍ ឬជួបប្រទះនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែរឿងដែលខ្លួនមិនចង់ឲ្យកើតមានក៏ថាបាន។

ក៏ប៉ុន្តែ នៅទីនេះក៏ចង់លើកទឹកចិត្តទៅដល់មិត្តនារី និងស្រ្តីទាំងឡាយឲ្យព្យាយាមពង្រឹងសមត្ថភាព ដុសខាត់ស្មារតី និងកុំបោះបង់ខ្លួនឯងទោះបីជាអ្នកកំពុងតែចួបប្រទះនូវអ្វីដែលខ្លួនពុំចង់ចួបក៏ដោយ សូមអ្នករក្សាសេចក្ដីព្យាយាម និងបន្ថែមកិច្ចប្រឹងប្រែងបន្តនោះជីវិតអ្នកនឹងអាចគេចផុតពីសេចក្ដីភ័យខ្លាចខាងលើ ហើយអាចរស់នៅដោយឯករាជ្យភាពសម្រាប់ខ្លួនឯងផងដែរ៕ អត្ថបទ ៖ ប៊ុត បឋវី