រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបសុទ្ធតែត្រូវការជីវិតមួយដែលពោរពេញទៅដោយភាពសប្បាយរីករាយ រស់នៅប្រកបដោយសុខសុភមង្គល និងមិនមានជាប់ពាក់ព័ន្ធជាមួយនឹងបំណុលផ្សេងៗដូចជាលុយកាក់ជាដើម។ ក៏ប៉ុន្តែ ក្នុងសង្គមជីវិតពិតប្រាកដមិនមែនអាចធ្វើឲ្យស្គាល់ ឬជួបតែសេចក្ដីសប្បាយរីករាយ សេចក្ដីសុខគ្រប់ពេលវេលានោះទេ ព្រោះជីវិតគឺតម្រូវឲ្យមនុស្សជួបនូវគ្រប់រឿងរ៉ាវទាំងអស់ គ្រាន់តែតិចឬច្រើនទៅតាមសមត្ថភាពរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា ការសប្បាយជ្រុលដំណើរ ឬការសប្បាយហួសព្រំដែន គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលអាចធ្វើឲ្យមនុស្សផុងខ្លួនជាមួយនឹងបំណុល។

ជាការពិតណាស់ នៅពេលដែលមនុស្សម្នាក់មានទ្រព្យសម្បត្តិហូរហៀរ ហើយវេលាដែលគេពុំបានបន្ថែមការប្រុងប្រយ័ត្នជាមួយនឹងទ្រព្យសម្បត្តិ ងាកមកចាប់អារម្មណ៍តែជាមួយនឹងភាពរីករាយ ការសប្បាយជ្រុលហួសហេតុទៅលើអ្វីមួយអាចធ្វើឲ្យមនុស្សនោះហ៊ានចំណាយសព្វសារពើ មានទាំងទ្រព្យសម្បត្តិ លុយកាក់ជាដើមនោះ នឹងធ្វើឲ្យគេអាចនឹងផុងខ្លួនជាមួយនឹងបំណុលនៅថ្ងៃណាមួយក៏ថា ដែលនេះគេហៅថាការសប្បាយភ្លេចខ្លួន។

ការសប្បាយភ្លេចខ្លួន ការសប្បាយជ្រុលដំណើរ(ការផឹកស៊ីហួសហេតុ ការចាយវាយខ្ជះខ្ជាយទៅលើរឿងមិនមានប្រយោជន៍ហួសហេតុ ការលោភលន់ហួសហេតុជាដើម អាចធ្វើឲ្យទ្រព្យខ្លួនរលាយ និងផុងខ្លួនទៅក្នុងបំណុល) ជាការវិវត្តន៍ទៅកាន់ទីមួយនៃសេចក្ដីទុក្ខរបស់មនុស្ស ហេតុនេះមនុស្សគួរចៀសវាងធ្វើឲ្យខ្លួនឲ្យសប្បាយជ្រុលហួសហេតុពេកប្រសិនបើមិនចង់ជួបសេចក្ដីទុក្ខនៅវេលាណាមួយ៕ អត្ថបទ ៖ ប៊ុត បឋវី