រដ្ឋធានីណៃពិដោរ៖ ដោយសារតែសម្ពាធយ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ ជាពិសេស លោកខាងលិច និង អាស៊ាន ទើបចុងក្រោយ ពួកយោធា យល់ព្រម​ដោះលែង អ្នកទោសជាង ៥ ៦០០នាក់ ​រួមទាំងអ្នកនាំពាក្យគណបក្សរបស់លោកស្រី អ៊ោង សាន់ស៊ូជី ម្ចាស់ជយលាភីពានរង្វាន់ណូបែល​។

សារព័ត៌មាន Al Jazeera  បានចេញផ្សាយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ថា បើតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា អ្នកទោសនយោបាយ រាប់ពាន់នាក់ ត្រូវបានដោះលែង ចេញពីពន្ធនាគារ Insein របស់ប្រទេសភូមា ដោយរួមទាំងអ្នកនាំពាក្យបក្សរបស់លោកស្រី ​Aung San Suu Kyi  ផងដែរ។ អ្នកទោសទាំងនោះ បានដើរចេញ ពីពន្ធនាគារ ដោយសេរី ក្រោយពេលបណ្ដាញទូរទស្សន៍របស់រដ្ឋ គ្រប់គ្រងដោយពួកយោធាភូមា បានប្រកាសពីការលើកលែងទោស ដោយភ្ជាប់ទៅនឹងពិធីបុណ្យ Thadingyut ។ អ្នកទោស ទាំងជាង ៥ ៦០០នាក់ ត្រូវបានដោះលែង កាលពីយប់ ថ្ងៃទី១៨ ខែតុលា។​

​មីយ៉ាន់ម៉ាន ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែយ៉ាងធ្ងន់ធ្ងរឡើ​ង ក្រោយពេល​ពួកយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ហើយចាប់ឃុំខ្លួនលោកស្រី អ៊ោង សាន់ស៊ូជី និង មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី។​

ការលើកលែងអ្នកទោសនយោបាយ ទាំងជាង៥ ៦០០នាក់នេះ បានធ្វើឡើង ក្រោយពេលសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ អាស៊ាន បានបញ្ជាក់ថា លោក មីន អ៊ោងហ្លាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូល នៅក្នុងខែតុលា ឆ្នាំ២០២១នេះទេ ព្រោះពួកយោធា មិនបានធ្វើឲ្យ​ចម្រើនទៅមុខ ចំពោះកិច្ចព្រមព្រៀង ចំនួន៥ចំណុច ដែលមីយ៉ាន់ម៉ា បានឯកភាពជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។

ក្រោ​មកិច្ចព្រមព្រៀងនោះ ពួកយោធា ត្រូវតែបញ្ចប់នូវអំពើហិង្សា ប្រឆាំងទៅលើអ្នកតវ៉ាប្រឆាំងនឹង​រដ្ឋប្រហារ ហើយអនុញ្ញាតឲ្យប្រេសិតពិសេសអាស៊ាន ចូលទៅធ្វើការងាររបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ាន និងជួបជាមួយគ្រប់ភាគីទាំងអស់។ មីយ៉ាន់ម៉ា បានចូលជាសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ១៩៩៧មក ក្រោយពេលប្រទេសនេះ យល់ព្រមធ្វើកំណែទម្រង់របបដឹកនាំ ពីយោធា មកជារដ្ឋាភិបាលស៊ីវិលវិញ​។​

បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានបញ្ជាក់ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ពួកយោធា បានសម្លាប់ក្រុមអ្នកតវ៉ា ជាង១០០០នាក់ ហើយជាង៩ ០០០នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ដាក់ពន្ធនាគារ៕​