រាជធានីម៉ាឌ្រីដ៖ អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៦ បានប៉ាន់ប្រមាណថា ឧស្សាហកម្មផ្លូវភេទ នៅ​អេស្ប៉ាញ អាចរកចំណូលបាន ប្រហែល៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្ដែ នាយករដ្ឋមន្រ្ដី នៃប្រទេសអឺរ៉ុបមួយនេះ បានសន្យា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ត្រូវតែដាក់ទោសទណ្ឌដល់អំពើពេស្យាចារ នៅក្នុងប្រទេសនេះ។

​សារព័ត៌មាន BBC បានផ្សាយថា លោក Pedro Senchez នាយករដ្ឋមន្រ្ដីអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែតុលា) បានសន្យា ត្រូវតែដាក់ទោសទណ្ឌដល់អំពើពេស្យាចារ នៅក្នុងប្រទេសរបស់លោក។​ លោកនាយករដ្ឋមន្រ្ដី បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក នៅក្នុងសមាជបក្សសង្គមនិយមរបស់លោក ដែលបានធ្វើឡើង នៅក្នុងទីក្រុង Valencia រយៈពេល៣ថ្ងៃ។

លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា «អំពើពេស្យាចារ គឺយកស្រ្ដីធ្វើជាទាសីផ្លូវភេទ»។ អំពើពេស្យាចារ ត្រូវបានដាក់ទោសទណ្ឌ នៅក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ១៩៩៥មក។ នៅក្នុងឆ្នាំ២០១៦ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ឧស្សាហកម្មផ្លូវភេទ នៅក្នុងប្រទេសអេស្ប៉ាញ អាចរកប្រាក់ចំណូលបាន ប្រហែល៤,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។​

បើតាមការស្រាវជ្រាវ នាឆ្នាំ២០០៩ បានរកឃើញថា បុរសអេស្ប៉ាញម្នាក់ ក្នុងចំណោម៣នាក់ តែងតែចំណាយលុយទៅលើការរួមភេទ។​ ទោះយ៉ាងណា របាយការណ៍មួយផ្សេងទៀត ​ត្រូវបានបោះពុម្ពផ្សាយ ក្នុងឆ្នាំ២០០៩ បានបង្ហាញថា តួលេខនេះអាចនឹងកើនឡើងខ្ពស់ រហូតដល់៣៩%។ ចំណែក​ការសិក្សារបស់អង្គការសហប្រជាជាតិ នាឆ្នាំ២០១១ បានលើកឡើងថា អេស្ប៉ាញ ជាមជ្ឈមណ្ឌលពេស្យាចារដ៏ធំជាងគេបំផុត លំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសថៃ និងព័រតូរីកូ (Puerto Rico )។​

ពេស្យាចារ បច្ចុប្បន្ន មិនមានច្បាប់កំណត់ នៅក្នុងប្រទេសអេស្ប៉ាញទេ ហើយក៏មិនមានការដាក់ទណ្ឌកម្ម ចំពោះអ្នក​ផ្តល់សេវាកម្មផ្លូវភេទដែរ ព្រោះការ​ចំណាយប្រាក់លើការរួមភេទ គឺធ្វើឡើង តាមការ​ព្រមព្រៀងផ្ទាល់ខ្លួន ហើយ​វាមិនបានកើតឡើង នៅតាមទីសាធារណៈនោះដែរ។ ទោះយ៉ាងណាក៏ដោយ ការធ្វើជាម៉ែយ៉ែម ឬការដើរតួជាអ្នកតំណាង រវាងអ្នករកស៊ីផ្លូវភេទ និងអតិថិជន ​គឺជាទង្វើខុសច្បាប់។ បើតាមការប៉ាន់ប្រមាណ មានស្រ្ដី ប្រហែល ៣០០ ០០០នាក់ ប្រកបរបរជាស្រីពេស្យា នៅក្នុងប្រទេសអេស្ប៉ាញ៕