ភ្នំពេញ៖ មានករណីហួសចិត្តមួយបានកើតឡើង បង្កជាចម្ងល់ពីសំណាក់ប្រិយមិត្ត KBN ម្នាក់ បានទូរស័ព្ទមកប្រាប់ថា នៅរសៀលថ្ងៃទី ១៥ ខែតុលា​ ឆ្នាំ ២០២១​ នេះ មានប៉ូលិសចរាចរណ៍ប្រចាំការនៅចំណុចផ្លូវជាតិលេខ៤ ឃុំអូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (ហួសអាស្រមលោកយាយម៉ៅបន្តិច បើធ្វើដំណើរពីរាជធានីភ្នំពេញ) បានឃាត់រថយន្តមួយគ្រឿងម៉ាក KIA​​ Morning (ប្រភេទគ្រួសារ) របស់ខ្លួនទុក ដោយមូលហេតុរថយន្តមួយគ្រឿងនេះមិនមានស្លាកលេខ និងមិនមានឯកសារច្បាប់ដើម ។ ប៉ុន្តេអ្វីដែលជាចំណុចហួសចិត្តនោះ គឺរថយន្តនេះ ជារថយន្តបង់រំលស់ ទើបតែទិញកាលពីថ្ងៃទី ១៤ ខែតុលា ម្សិលមិញនេះប៉ុណ្ណោះ ដូច្នេះមិនមានស្លាកលេខ និងឯកសារច្បាប់ឡើយ ។

ប្រភពពីម្ចាស់ឃ្លាំងរថយន្តផ្ទាល់ (សុំមិនបង្ហាញឈ្មោះ) បានបញ្ជាក់ជាមួយ KBN តាមរយៈទូរស័ព្ទមុននេះថា នារសៀលថ្ងៃទី ១៥ ខែតុលា​ ឆ្នាំ ២០២១​ នេះ ខ្លួនបានបង្គាប់ឱ្យបុគ្គលិកបើករថយន្ត ម៉ាក KIA​​ Morning (ប្រភេទគ្រួសារ) ទៅឱ្យអតិថិជននៅខេត្តព្រះសីហនុ ដែលទើបតែទិញបង់រំលស់ជាមួយឃ្លាំងរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែតុលា ម្សិលមិញនេះ ទាំងដែលរថយន្តនោះមិនទាន់មានស្លាកលេខនៅឡើយ ហើយសម្រាប់ឯកសារច្បាប់ដើមត្រូវបានតម្កល់ទុកនៅធនាគារ ។ ប៉ុន្តែធនាគារបានចម្លងឯកសារសព្វគ្រប់ សម្រាប់សម្រួលដល់អតិថិជនទាំងអស់រួចរាល់ហើយ ។

ប្រភពបានបន្តថា ដល់ចំណុចខាងលើ ស្រាប់តែប៉ូលិសចរាចរប្រចាំការនៅទីនោះ បានចេញមកឃាត់ទុករថយន្ត ដោយទាមទាររកតែឯកសារច្បាប់ដើម ពោលគឺមិនទទួលស្គាល់ឯកសារចម្លងឡើយ ទាំងដែលដឹងរួចទៅហើយថា ជារថយន្តបង់រំលស់ (មិនមានឯកសារច្បាប់ដើមដាក់តាមខ្លួន) ហើយថែមទាំងទើបតែទិញបានមួយថ្ងៃ តើទៅរកស្លាកលេខឯណាមកដាក់បាន?

ជុំវិញករណីខាងលើនេះ បាននាំឱ្យការងឿងឆ្ងល់យ៉ាងខ្លាំងពីសំណាក់ម្ចាស់ឃ្លាំងរថយន្តខាងលើ ក៏ដូចជាមហាជនទូទៅ ថាតើរថយន្តទើបតែទិញថ្មីមិនទាន់មានស្លាកលេខ អាចបើកបរបានភ្លាមៗឬទេ? ឬចាំទាល់តែមានស្លាកលេខ? ហើយក្នុងករណីរថយន្តបង់រំលស់ តើរកឯកសារដើមឯណាបានទុកបង្ហាញប៉ូលិសចរាចរណ៍?

យ៉ាងណាមិញ KBN ក៏ទទួលបានព័ត៌មានដ៏ហួសចិត្តបន្ថែមទៀតថា គឺប៉ូលិសចរាចរដែលប្រចាំការនៅទីតាំងខាងលើ បានប្ដូរបទល្មើសពីរថយន្តអត់ស្លាកលេខ ទៅជាការបើកបរនិយាយទូរស័ព្ទជំនួសវិញ ដោយក្រុមប៉ូលិសទាំងនោះនិយាយថា “បើមិនចង់អស់លុយច្រើនទេ ពិន័យលើការនិយាយទូរស័ព្ទវិញទៅ អស់តែ ១២០,០០០ រៀលប៉ុណ្ណោះ” ។ ក្រោយពិន័យរួច ក្រុមប៉ូលិសបានដេញអ្នកបើករថយន្តនោះចេញពីកន្លែងផាកពិន័យជាបន្ទាន់ ព្រោះសម្អាងដល់ម៉ោងឈប់សម្រាកពីការត្រួតពិនិត្រ ៕

ដោយ៖ សហការី KBN