បរទេស៖ រហូតមកដល់ពេលនេះ ថ្វីត្បិតតែសហរដ្ឋអាមេរិក មានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ច្រើន ហើយទើបនឹងរកឃើញថ្នាំគ្រាប់ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ក្ដី តែពលរដ្ឋអាមេរិកាំងមួយចំនួន នៅតែមិនព្រមទៅទទួលការចាក់វ៉ាក់សាំង ទើបធ្វើឲ្យប្រទេសមហាអំណាចកំពូលលើលោកមួយនេះ នៅតែបន្ដឆ្លង និងស្លាប់ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែតុលា​ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានបន្ដរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៨០ ២៨៣នាក់ និងករណីស្លាប់ថ្មី ១​ ៤៣០នាក់។ នេះជាចំនួនឆ្លង និងស្លាប់ថ្មីច្រើនជាង​បណ្ដាប្រទេសនានា នៅលើពិភពលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៤៥,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៧៣៧ ៥៣៣នាក់ និង មានអ្នកជាសះស្បើយ ជាង៣៤,៩លាននាក់។ ដោយឡែក អ្នកជំងឹ ជាង៩,៧លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៦ ៧២៩នាក់។

ដោយឡែក ចិនជាប្រទេសប្រភពដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ត្រឹមតែ១២នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនឈរនៅលើលេខរៀងទី១១២ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៤៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១​ ១៣០នាក់ ហើយអ្នកជំងឺ ចំនួន៦៦៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕​