រដ្ឋធានីប៉ារីស៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉ារីស កំពុងតែមានជម្លោះការទូតយ៉ាងខ្លាំងក្លាជាមួយនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្ដាលី ក្រោយពេលប្រទេសមហាអំណាចលោកខាងលិចទាំងនេះ បានចុះកិច្ចព្រមព្រៀង លើវិស័យការពារជាតិ ដែលគេស្គាល់ថា «Aukus»  ​ធ្វើឲ្យរដ្ឋាភិបាលកង់បេរ៉ា សម្រេចចិត្ត លុបចោលកុងត្រា សាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក នាំ​ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ប្រទេសបារាំង​។​

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានលុបចោលការចរចាជាមួយនឹងសមភាគីអង់គ្លេស នៅក្នុងជម្លោះ ដែលកើតចេញពីកិច្ចព្រមព្រៀងសន្ដិសុខថ្មី (Aukus) រវាង អង់គ្លេស សហរដ្ឋអាមេរិក និងអូស្រ្ដាលី។​ រដ្ឋាភិបាលទីក្រុងប៉ារីស បានខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលអូស្រ្ដា​លី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Aukus ​កសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយលុបចោលកុងត្រាដែលកំពុងតែដំណើការ ​មានតម្លៃរាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយនឹង​បារាំង។​

កិច្ចព្រមព្រៀង Aukus បានកើតឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ហើយត្រូវបានគេមើលឃើញថា នេះជាកិច្ចខិតខំប្រឹងប្រែង ​ទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង។ ដោយសារតែកិច្ចព្រមព្រៀង Aukus នេះ ទើប​អូស្រ្ដាលី សម្រេចចិត្ដ លុបចោលកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ ដែលមានតម្លៃ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៦ រវាង​អូស្ត្រាលី និងបារាំង ដើម្បីសាងសង់នាវាមុជទឹកធម្មតា ចំនួន១២គ្រឿង។​

កិច្ចព្រមព្រៀង Aukus នេះ ​ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសបារាំង ទើបលោក​ Emmanuel Macron ប្រធានាធិបតីបារាំង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេស​វិញ ដើម្បីតវ៉ាប្រឆាំងនឹង Aukus នេះ។​

លោក បូរី ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានថ្លែង មុនពេលចាកចេញទៅកាន់បុរីញូវយ៉ក ដើម្បីចូលរួម​មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ថា  បារាំងមិនគួរព្រួយបារម្ភ អំពីសម្ពន្ធមិត្តនេះទេ ព្រោះទំនាក់ទំនងរបស់អង់គ្លេស និងបារាំង មិនត្រូវបានបំផ្លាញចោលឡើយ។​ អង់គ្លេស និង បារាំង​ នៅតែជាមិត្ដភក្ដិយ៉ាងជិតស្និទ្ធ និងមានសារសំខាន់បំផុតមិនអាចគណនាបាន»។

​​បើតាមកិច្ចព្រមព្រៀង Aukus នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាព ​ផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាច្រើនគ្រឿង។ កិច្ចព្រមព្រៀងនេះ ក៏ជួយឲ្យអូស្រ្ដាលី ​ក្លាយជាប្រទេសទី៧ នៅលើពិភពលោក មានសមត្ថភាពប្រតិបត្ដិការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ៕